បងប្អូនជនរួមជាតិ និងប្រិយមិត្ត ជាទីគោរព


១២ កញ្ញា ២០១៧ / 12 September 2017 Association for Democracy in Cambodia /Association Pour la Démocratie au Cambodge

បងប្អូនជនរួមជាតិ និងប្រិយមិត្ត ជាទីគោរព

ខ្ញុំមានកិត្តិយសប្រកាស ថ្ងៃនេះ ពីសេចក្តីសម្រេចរបស់ខ្ញុំ បង្កើត “សមាគម ដើម្បីលើកតម្កើងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា”។

ដោយសារតែខ្ញុំ ឈប់ជាសមាជិកគណបក្សនយោបាយណាមួយហើយ និងឈប់មានតួនាទី ឬមុខងារនយោបាយអ្វីឡើយ ខ្ញុំមានសេរីភាពពេញលេញ នៅពេលនេះ ដោយគ្មានចំណងជាមួយគណបក្សណា ឬក្រុមនយោបាយណាមួយឡើយ។

ប៉ុន្តែ ដោយសារតែខ្ញុំនៅតែមានបំណងចង់ជួយ និងចង់បម្រើប្រទេសកម្ពុជា ដែលជាមាតុភូមិជាទីស្នេហារបស់ខ្ញុំ ខ្ញុំយល់ឃើញថា កាតព្វកិច្ចរបស់ខ្ញុំ នៅពេលនេះ គឺយកសេរីភាព និងឯករាជ្យភាព ដែលខ្ញុំទើបតែទទួលបាន មកប្រើប្រាស់ ដើម្បីបង្រួបបង្រួមជនជាតិខ្មែរទាំងអស់ ក្នុងគោលបំណង សម្រេចឯកភាពជាតិ ដោយមានលទ្ធិប្រជាធិបតេយ្យ ជាមូលដ្ឋាន។

ឯកភាពជាតិ ជាការចាំបាច់ ដើម្បីដោះស្រាយវិបត្តិសព្វថ្ងៃ ហើយបញ្ចៀសប្រទេសកម្ពុជា ពីមហន្តរាយ។ មានតែលទ្ធិប្រជាធិបតេយ្យទេ ដែលបើកផ្លូវឲ្យខ្មែរនិងខ្មែរ គ្រប់និន្នាកាលនយោបាយ អាចនិយាយគ្នាបាន ដោយគោរពគ្នាទៅវិញទៅមក ហើយអាចធ្វើការជាមួយគ្នាបាន ក្នុងគោលបំណងការពារឧត្តមប្រយោជន៍ជាតិ ហើយនាំមកនូវវឌ្ឍនភាព ក្នុងវិស័យសេដ្ឋកិច្ច និងសង្គម។

មធ្យោបាយដ៏សំខាន់មួយ ដើម្បីសម្រេចគោលដៅខាងលើនេះ គឺជម្រុញឲ្យមានការគោរពចំពោះគោលការណ៍ ដែលមានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ ១៩៩១។ “សមាគម ដើម្បីលើកតម្កើងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា” នឹងត្រូវបង្កើតឡើង ក្នុងស្មារតី និងគោលបំណង ដូចបញ្ជាក់ខាងលើនេះ។

ខ្ញុំសូមអំពាវនាវ ឲ្យជនជាតិខ្មែរគ្រប់រូប គ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយ នៅលើទឹកដីប្រទេសកម្ពុជា ក៏ដូចជានៅក្រៅប្រទេស សូមអញ្ជើញចូលរួមក្នុងសមាគមនេះ ដែលមានគោលបំណងតែមួយគត់ គឺបង្រួបបង្រួមជាតិ លើមូលដ្ឋានប្រជាធិបតេយ្យពិតប្រាកដ។ មានតែលទ្ធិប្រជាធិបតេយ្យពិតប្រាកដទេ ដែលអាចធានា ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងអភិបាលកិច្ចល្អ។

បងប្អូនជនរួមជាតិម្នាក់ៗ ដែលនឹងមកចូលរួមក្នុង “សមាគម ដើម្បីលើកតម្កើងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា” អាចនៅជាសមាជិកគណបក្សរបស់ខ្លួន រៀងៗខ្លួន ដូចសព្វថ្ងៃ ពីព្រោះសមាគមយើង មិនគាំទ្រគណបក្សនយោបាយណាមួយទេ ហើយក៏មិនប្រឆាំងគណបក្សនយោបាយណាមួយដែរ។ សមាគមយើង គ្រាន់តែគាំទ្រ គោលការណ៍ប្រជាធិបតេយ្យ ដែលមានលក្ខណៈជាសកល ហើយយើងនឹងខិតខំ ជម្រុញឲ្យមានការគោរព និងអនុវត្ត គោលការណ៍ទាំងនេះ យ៉ាងជាក់ស្តែង និងជាប្រចាំ។

ការងារជាក់ស្តែងរបស់យើង គឺគាំទ្រ និងលើកទឹកចិត្ត ចំពោះការផ្តួចផ្តើមគំនិត និងសកម្មភាព របស់គណបក្សនយោបាយទាំងអស់ និងប្រជាពលរដ្ឋទាំងអស់ ដែលជួយពង្រឹង និងលើកតម្កើង លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។

សមាគមយើង នឹងត្រូវបង្កើតឡើង តាមច្បាប់ប្រទេសបារាំង ហើយនឹងមានទីស្នាក់ការ នៅទីក្រុងប៉ារីស ដោយសារតែយើងនឹងបើកទ្វារសមាគមយើង ឲ្យមិត្តប្រទេសកម្ពុជា មានគ្រប់សញ្ជាតិ ចូលធ្វើជាសមាជិកផងដែរ ដរាបណាមិត្តបរទេសទាំងនោះ ចង់បង្ហាញពីការអាណិតអាសូរ ចំពោះប្រជារាស្ត្រខ្មែរ ហើយចង់គាំទ្រសកម្មភាពរបស់យើង ដោយសន្តិវិធី ដើម្បីលើកតម្កើងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។

ធ្វើនៅទីក្រុងប៉ារីស ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៧

សម រង្ស៊ី