២៨ វិច្ឆិកា ២០១៧ / 28 November 2017 - Hun Sen regime losing legitimacy (*)


ក្នុងលិខិតរបស់ខ្ញុំ ចុះផ្សាយក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ថ្ងៃនេះ ខ្ញុំអំពាវនាវឲ្យសហគមន៍អន្តរជាតិ ដែលបានថ្កោលទោស ការរំលាយគណបក្សសង្គ្រោះជាតិ ដោយជាន់ឈ្លី គោលការណ៍ប្រជាធិបតេយ្យ សូមឲ្យប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យទាំងអស់ក្នុងពិភពលោក បន្តថ្កោលទោស ការយកអសនៈរដ្ឋសភា ទាំង ៥៥ ពីគណបក្សសង្គ្រោះជាតិ ទៅចែកឲ្យគណបក្សតូចៗ ដែលមិនបានទទួលអសនៈ ពីប្រជារាស្ត្រ សូម្បីតែមួយក៏គ្មានដែរ ក្នុងការបោះឆ្នោត ឆ្នាំ ២០១៣។ សូមឲ្យសហគមន៍អន្តរជាតិ តម្រូវឲ្យ ហ៊ុន សែន លុបចោលសេចក្តីសម្រេច រំលាយគណបក្សសង្គ្រោះជាតិ ធ្វើឡើងដោយតុលាការអាយ៉ងរបស់គាត់ ហើយសូមឲ្យសហគមន៍អន្តរជាតិនេះ ជួយអ្នកតំណាងរាស្ត្រ ទាំង ៥៥ រូប មកពីគណបក្សសង្គ្រោះជាតិ ឲ្យទទួលបានឡើងវិញ នូវតំណែងជាតំណាងរាស្ត្រស្របច្បាប់ និងស្របឆន្ទៈប្រជារាស្ត្រ។

ពេលដែលកំពុងទាមទារ ឲ្យ ហ៊ុន សែន បកមកក្រោយវិញ ក្នុងការប្រើអំណាចផ្តាច់ការរបស់គាត់ សហគមន៍អន្តរជាតិ មិនត្រូវទទួលស្គាល់ តំណាងរាស្ត្រក្លែងក្លាយ ដែលទើបតែទទួលបានតំណែង ដែល ហ៊ុន សែន បានប្លន់ពីគណបក្សសង្គ្រោះជាតិ យកទៅចែកឲ្យអ្នកទាំងនោះ។

ពេលនេះ តំណាងរាស្ត្រពិតប្រាកដ និងស្របច្បាប់ មានតែ ៦៨ នាក់ទេ ដែលមកពីគណបក្សប្រជាជនកម្ពុជា។ ដូច្នេះ រដ្ឋសភាសព្វថ្ងៃ មិនគោរពរដ្ឋធម្មនុញ្ញទេ ដែលមាត្រាទី ៧៦ តម្រូវឲ្យរដ្ឋសភា មានតំណាងរាស្ត្រ យ៉ាងតិច ១២០ រូប។ ដោយសារតែការមិនគោរពរដ្ឋធម្មនុញ្ញនេះហើយ បានជារដ្ឋាភិបាល ហ៊ុន សែន បាត់បង់ភាពស្របច្បាប់របស់ខ្លួន នៅពេលនេះ។ ដូច្នេះ សហគមន៍អន្តរជាតិ ជាពិសេសម្ចាស់បំណុល មិនត្រូវទទួលស្គាល់ សេចក្តីសម្រេចណាមួយ របស់រដ្ឋាភិបាល ហ៊ុន សែន ដែលមិនមានការអនុម័តពីរដ្ឋសភាស្របច្បាប់។ ពេលនេះ រដ្ឋសភា ដែលមានតំណាងរាស្ត្រ តែ ៦៨ នាក់ មិនអាចដំណើរការបានយ៉ាងស្របច្បាប់ទេ។ ជាពិសេស ថវិការដ្ឋ សម្រាប់ឆ្នាំ ២០១៨ មិនអាចយកជាការបានទេ ហើយប្រាក់កម្ចីទាំងប៉ុន្មាន ដែលបរទេសផ្តល់ឲ្យរដ្ឋាភិបាល ហ៊ុន សែន ត្រូវចាត់ទុកជាអាសារបង់ ចាប់ពីឆ្នាំនេះទៅ។ កិច្ចសន្យាទាំងប៉ុន្មាន ដែលចុះហត្ថលេខា ដោយរដ្ឋាភិបាល ហ៊ុន សែន ចាប់ពីឆ្នាំនេះ ក៏ត្រូវចាត់ទុកជាអាសារបង់ដែរ។