២២ ធ្នូ ២០២៣ / 22 December 2023
អ្នកជំនាញសេដ្ឋកិច្ចវាយតម្លៃថា រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត នឹងជួបវិបត្តិសេដ្ឋកិច្ចកាន់តែយ៉ាប់នៅឆ្នាំ២០២៤ខាងមុខ។ ពួកគេលើកឡើងថា លោក ហ៊ុន ម៉ាណែត ដឹកនាំប្រទេសមិនខុសពីឪពុករបស់លោកនោះទេ បញ្ហានេះនឹងធ្វើឲ្យពលរដ្ឋកាន់តែរងទុក្ខលំបាក។
អ្នកជំនាញសេដ្ឋកិច្ចព្យាករណ៍ថា រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត នឹងមិនអាចស្ដារសេដ្ឋកិច្ចឲ្យរីកចម្រើនធ្វើឲ្យប្រជាពលរដ្ឋរស់នៅសុខសប្បាយដូចដែលក្រុមបក្ខពួកគ្រួសារត្រកូលហ៊ុនរស់នៅសប្បាយលើទ្រព្យសម្បត្តិមហាសាល នោះឡើយ។
អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក សម រង្ស៊ី មានប្រសាសន៍ថា លោក ហ៊ុន ម៉ាណែត គ្រាន់តែជានាយករដ្ឋមន្ត្រីទីងមោងតែប៉ុណ្ណោះ។ លោកអះអាងថា លោក ហ៊ុន សែន នៅតែជាអ្នកកាច់ចង្កូតដឹកនាំប្រទេសដដែល។ លោក សម រង្ស៊ី បន្ថែមថា ដោយសារតែលោក ហ៊ុន សែន នៅតែមានឥទ្ធិពលលើការដឹកនាំនេះហើយ ទើបធ្វើឲ្យការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត គ្មានអ្វីផ្លាស់ប្ដូរ ឬរីកចំរើននោះ។
លោក សម រង្ស៊ី៖ «ឪគាត់ធ្វើទាំងប៉ុន្មាន គាត់បន្តធ្វើអាក្រក់លើសឱទៅទៀត។ មានតែធ្វើអាក្រក់បន្តទៀតដើម្បីបង្ហាញថា គាត់ស្មោះត្រង់ជាមួយឪគាត់។ លោក ហ៊ុន ម៉ាណែត គាត់ធ្វើជានាយករដ្ឋមន្ត្រីទីងមោង តែលោក ហ៊ុន សែន នៅកាន់អំណាចពេញដៃដដែលទេ»។
រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ដើរលើគន្លងឪពុករបស់លោក គឺលោក ហ៊ុន សែន ដដែល។ លោកបានចាប់យកចិនជាឆ្អឹងខ្នងបង្អែកសេដ្ឋកិច្ច ទោះបីជា លោកធ្លាប់អះអាងថា លោកដឹកនាំប្រទេសមិនងាកទៅប្រទេសណាមួយខ្លាំងក៏ដោយ។ បញ្ហានេះក៏ជាកត្តាចម្បងដែលធ្វើឲ្យកម្ពុជាក្រោមការដឹកនាំរបស់ត្រកូលហ៊ុននេះ រងសម្ពាធសេដ្ឋកិច្ច ពីប្រទេសលោកសេរីដូចជាការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប និង GSP របស់អាមេរិកជាដើម។
លើសពីនេះទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះកម្ពុជាក៏បាត់បង់អ្នកវិនិយោគ ពីប្រទេសលោកសេរីច្រើនដែរ។ អ្នកវិនិយោគដែលចូលមកកម្ពុជានោះគឺវិនិយោគិនចិន ដែលមកវិនិយោគលើវិស័យអចលនទ្រព្យ។ វិស័យនេះ កំពុងតែជាប់គាំងនាពេលបច្ចុប្បន្ននេះ។ ជាក់ស្ដែងនៅក្រុងព្រះសីហនុ គឹត្រូវបានគេ ប្រសិទ្ធិនាមថា ជាទីក្រុងខ្មោច ឬអគារខ្មោចជាដើម។
ទោះបីជាបែបនេះក្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញរបាយការណ៍ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤ខាងមុខ នឹងកើនឡើង៦.៦% ខណៈដែលឆ្នាំ២០២៣ កំណើនសេដ្ឋកិច្ច៥.៥%។ ក្រសួងអះអាងថា វិស័យដែលជួយជំរុញកំណើនសេដ្ឋកិច្ចនោះ មានវិស័យឧស្សាហកម្មកាត់ដេរទេសចរណ៍ និងកសិកម្មជាដើម។
ទោះបីក្រសួងសេដ្ឋកិច្ចអះអាងបែបនេះក្តី លោក សម រង្ស៊ី លើកឡើងថា រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត នេះពិបាករំពឹងថា នឹងអាចស្ដារសេដ្ឋកិច្ចឲ្យរីកចម្រើន បាននៅឆ្នាំ២០២៤ដោយសារតែរដ្ឋាភិបាលមិនទាន់មានទំនាក់ទំនងល្អឡើងវិញ ជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប។
លោកបន្ថែមថា កន្លងមកកម្ពុជាដែលទទួលបានអ្នកវិនិយោគនោះ គឺភាគច្រើនជាវិនិយោគិនចិនដែលមកវិនិយោគលើវិស័យអចលនទ្រព្យ តែវិស័យនេះកំពុងតែជាប់គាំង។ លោកថា បញ្ហានេះអ្នកដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺប្រជាពលរដ្ឋ។
លោក សម រង្ស៊ី៖ «តួលេខផ្លូវការដែលគេយកមកមកបង្ហាញដែលវាខុសស្រឡះពីការពិត។ ឥលូវការពិតយើងត្រូវមើលពីជីវភាពរបស់ប្រជាពលរដ្ឋរស់នៅប្រចាំថ្ងៃខ្ញុំមិនចង់និយាយពីក្រុមបក្ខពួកក្រុមមហាសេដ្ឋីក្រុមគ្រួសារ ហ៊ុន សែន ទេ ពួកហ្នឹងគេមានស្ដុកស្ដម្ភចង់មិននិយាយពួកហ្នឹងទេ តែប្រជាពលរដ្ឋប្រមាណ៩០%ក្រីក្ររស់នៅលំបាក»។
ធនាគារពិភពលោក (World Bank) បានចេញរបាយការណ៍ កាលពីដើមឆ្នាំ២០២៣ថា គិតត្រឹមឆ្នាំ២០២០សេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះធ្វើឱ្យពលរដ្ឋខ្មែរជាង ១លាន ២សែន (១,២) នាក់រស់នៅក្រោមបន្ទាត់ភាពក្រីក្រ ឬមានន័យថាមនុស្សម្នាក់រកចំណូលបានតិចជាង ២,៧ដុល្លារ ឬប្រមាណមួយម៉ឺនរៀលក្នុងមួយថ្ងៃ ខណៈដែលពលរដ្ឋខ្មែរចំនួនពាក់កណ្ដាលប្រទេសផ្សេងទៀតចំណាយត្រឹមតែ៤,១៥ដុល្លារ ឬប្រមាណ១ម៉ឺន ៦ពាន់រៀល ឬតិចជាងនេះក្នុងមួយថ្ងៃ។
អ្វីដែលធ្វើឲ្យកាន់តែធ្ងន់ធ្ងរថែមទៀតនោះ កម្ពុជាដកដង្ហើមសេដ្ឋកិច្ចពឹងលើប្រទេសចិនជាកត្តាចម្បងក៏ប៉ុន្តែប្រទេសចិនសព្វថ្ងៃនេះកំពុងតែជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ នៅស្របពេលប្រទេសមួយចំនួនលើពិភពលោកកំពុងតែជួបឧបសគ្គរឿងទំនិញឡើងថ្លៃ ឬអតិផរណា(Inflation) តែប្រទេសចិនជួបរឿងផ្ទុយពីនេះទៅវិញ។ រយៈពេលប៉ុន្មានខែចុងក្រោយនេះចិនកំពុងតែមានវិបត្តិបរិត្តផរណា (Deflation) ពោលទំនិញ និងថ្លៃសេវាចុះថោកកាន់តែខ្លាំងធ្វើឲ្យមនុស្សលែងចាយលុយ និងគ្មានការងារធ្វើ។
អ្នកជំនាញសេដ្ឋកិច្ចបានពន្យល់ថា ប្រទេសដែលមានអតិផរណា (Inflation) ទំនិញឡើងថ្លៃ ឬមានបរិត្តផរណា ទំនិញចុះថ្លៃកាន់តែខ្លាំងនោះ មានន័យថា ប្រទេសនោះកំពុងតែមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ ពួកគេថា ផលប៉ះពាល់សេដ្ឋកិច្ចនៅប្រទេសចិននេះ នឹងសាយភាយដល់កម្ពុជាមុនគេដោយសារតែកម្ពុជាជាកូនអុកសេដ្ឋកិច្ចរបស់ចិនស្រាប់ទៅហើយ។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គមលោកបណ្ឌិត សេង សារី មានប្រសាសន៍ថា ដោយសារតែរដ្ឋាភិបាលដឹកនាំដោយឪពុក និងកូន ឬលោក ហ៊ុន ម៉ាណែត ដឹកនាំងាកទៅរកចិននេះនឹងធ្វើឲ្យរដ្ឋាភិបាលទាល់ច្រកកាន់តែខ្លាំង នៅឆ្នាំ២០២៤នេះ។ លោកបន្ថែមថា វិស័យដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចរបស់កម្ពុជាដ៏សំខាន់ បានរងប៉ះពាល់រួចទៅហើយ ដោយសារតែរដ្ឋាភិបាលផ្ដេកផ្ដួលទៅចិន ដូចជាវិស័យ វាយនភ័ណ្ឌកាត់ដេរ វិស័យទេសចរណ៍ និងវិស័យកសិកម្ម។
បណ្ឌិត សេង សារី៖ «ទេសចរណ៍ជនជាតិចិនល្អៗហ្នឹងក៏មិនមកកម្ពុជាដែរដោយសារតែរឿងអសន្តិសុខការចាប់ជំរិត ជួញដូរមនុស្សដូចការផ្សព្វផ្សាយរឿង No More Bets ។ រឿងទី២ បញ្ហាការ មិនគោរពសិទ្ធិមនុស្ស និងមិនគោរពប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ខាងវិស័យវាយនភ័ណ្ឌ ដែលបាត់បង់EBAនេះ រដ្ឋាភិបាលរបស់ លោក ហ៊ុន ម៉ាណែត មិនទាន់មានវិធានការឆ្លើយតបទៅសហភាពអឺរ៉ុបយ៉ាងណានៅឡើយទេ និងរឿងចុងក្រោយគឺវិស័យអចលនទ្រព្យនៅជាប់គាំងនៅឡើយ ហើយវិស័យនេះប្រៀបដូចរឿងពពុះសាប៊ូអីចឹង»។
វិស័យទេសចរណ៍កាលពីឆ្នាំ២០១៧ ត្រូវបានធនាគារពិភពលោក ប៉ាន់ស្មានថា តំណាងឱ្យ ១ភាគ ៣ នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) របស់កម្ពុជាបានធ្លាក់ ចុះ៣៣% ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៣នេះ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩។ វិស័យកាត់ដេរដែលកាលពីឆ្នាំ២០២២ មានមនុស្ស ៧សែន ៥ម៉ឺននាក់បម្រើការងារ និងតំណាងឱ្យ ១ ភាគ៣ ផ្សេងទៀតនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា ក៏កំពុងតែប្រឈមនឹងការលំបាកដូចគ្នាក្នុងនោះកម្មករកាត់ដេរ ៥ម៉ឺននាក់ បានបាត់បង់ការងារធ្វើកាលពីខែមីនា ឆ្នាំ២០២៣។
ស្ថាបនិកអង្គការមាតាធម្មជាតិ និងជាអ្នកឃ្លាំមើលពីស្ថានការណ៍នយោបាយលោក អាឡិច លើកឡើងថា រដ្ឋបាលដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ងាកចេញពីប្រទេសលោកសេរី គួបផ្សំនិងមន្ត្រីប្រព្រឹត្តិអំពើពុករលួយចាក់គ្រឹះយ៉ាងខ្លាំង នៅក្នុងសង្គមនេះនឹងធ្វើឲ្យកម្ពុជានឹងមានវិបត្តិដូចនៅប្រទេសស្រីលង្កា (Sri Lanka) ដូច្នោះដែរ។
គណបក្សប្រជាជនកម្ពុជាកំពុងតែមានក្ដីសង្ឃឹមថា ថ្ងៃណាមួយសេដ្ឋកិច្ចក្ស័យធនចិនមកជួយកុំសង្ឃឹមឲ្យសោះ កន្លងមកមិនមែនអីចឹងទេ ប្រទេសមួយចំនួនដែលមានបញ្ហាចិនមិនអាចជួយបានទេ ដូចជាប្រទេសស្រីលង្កាជាដើម។ អ្វីដែលចិនធ្វើនោះ គឺឆក់យកធនធានធម្មជាតិឆក់យករ៉ែ ព្រៃឈើ និងធនធានរ៉ែជាដើម។
មេដឹកនាំផ្ដាច់ការ និងបក្ខពួករបស់រដ្ឋាភិបាលស្រីលង្កា (Sri Lanka) មិនខុសពីកម្ពុជាឡើយ។រដ្ឋាភិបាលនៃប្រទេសនេះ បង្កើតបក្ខពួកនិងប្រព្រឹត្តិអំពើពុករលួយចាក់ស្រេះនៅក្នុងសង្គម។ រដ្ឋាភិបាលប្រទេសនេះ បានជំពាក់បំណុលបរទេសកាន់តែច្រើន ពិសេសជំពាក់ចិនមិនខុសពីកម្ពុជាឡើយ។
ដោយសារតែប្រទេសនេះជំពាក់បំណុលចិន គឺចិនរឹបអូសយកកំពង់ផែ ហាមបានតូតា (Hambantota) ដែលកំពង់ផែនេះបានខ្ចីប្រាក់ពីចិនចំនួន ១.២០០លានដុល្លារ និងកម្ចីចិនជាង៣៥ពាន់ដុល្លារផ្សេងទៀត។ នៅទីបំផុតទៅប្រជាពលរដ្ឋស្រីលង្កាបានធ្វើបាតុកម្មបណ្ដេញមេដឹកនាំចេញពីអំណាចកាលពីឆ្នាំ២០២២។
រីឯកម្ពុជាវិញ ការអភិវឌ្ឍប្រទេសក៏រដ្ឋាភិបាលពឹងលើកម្ចី និងជំនួយរបស់ចិនដែរ។
មកទល់ពេលនេះ កម្ពុជាបានជំពាក់បំណុលបរទេសប្រមាណ ១០ពាន់លានដុល្លារហើយក្នុងចំណោមបំណុលទាំងនេះប្រមាណ ៤០% កម្ពុជាជំពាក់បំណុលចិន។
ក្រុមអ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា បើសិនជា រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត នៅតែងប់ងុលពឹងលើសេដ្ឋកិច្ចរបស់ចិនតែមួយនោះ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤ ងើបមិនរួចនឹងកាន់តែយ៉ាប់យ៉ឺន៕
អានលើគេហទំព័រ៖ http://www.rfa.org/.../hun-manet-government-may-face...
រូប៖ RFA និង ហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត