ខួប ២៩ឆ្នាំ ដែល លោក ហ៊ុន សែន ប្លន់អំណាចពីពលរដ្ឋ ដោយធ្វើរដ្ឋប្រហារ

ចែករំលែក ៖​

៥ កក្កដា ២០២៦ / 5 July 2026

ខួប ២៩ឆ្នាំ ដែល លោក ហ៊ុន សែន ប្លន់អំណាចពីពលរដ្ឋ ដោយធ្វើរដ្ឋប្រហារ

ព្រឹត្តិការណ៍បាញ់ប្រហារគ្នារវាងកងទ័ពដែលមានស្វាមីភ័ក្តិចំពោះសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១ និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ កាលពីឆ្នាំ១៩៩៧ បានបណ្ដាលអោយបាត់បង់ជីវិតមនុស្ស និងរងរបួសជាច្រើនរយនាក់។

ការបាញ់សម្លាប់ទាហានរាជានិយម ហ៊្វុនស៊ិនប៉ិច បង្កឡើងដោយទាហានរបស់លោក ហ៊ុន សែន នៅក្រៅច្បាប់ កាលពីថ្ងៃទី៥ និងទី៦ កក្កដា ឆ្នាំ១៩៩៧ នោះមានរយៈពេល ២៩ឆ្នាំហើយ ប៉ុន្តែរដ្ឋាភិបាលរបបក្រុងភ្នំពេញនៅមិនទាន់រកយុត្តិធម៌ឲ្យជនរងគ្រោះឡើយ។

ជុំវិញរឿងរដ្ឋប្រហារនេះ អតីតតំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា លោក គ្រីស្តូហ្វ ប៉េស៊ូ (Christophe Peschoux) ដែលបានធ្វើការស៊ើបអង្កេតទៅលើការសម្លាប់មនុស្ស ក្នុងព្រឹត្តិការណ៍រដ្ឋប្រហារថ្ងៃ៥-៦ កក្កដា ឆ្នាំ១៩៩៧ នោះ បានបញ្ជាក់ថា សាកសពនីមួយៗដែលលោកបានរកឃើញ មានសភាពគួរសង្វេគ។ ក្នុងចំណោមមន្ត្រីយោធា និងប៉ូលិសជាន់ខ្ពស់នៃគណបក្សហ៊្វុនស៊ិនប៉ិច ដែលត្រូវបានសម្លាប់ក្រៅច្បាប់ និងបាត់ខ្លួន សន្មតថាស្លាប់ទាំងនោះរួមមាន ឧត្ដមសេនីយ៍ ចៅ សម្បត្តិ ឧត្ដមសេនីយ៍ ក្រូច យឿម ឧត្ដមសេនីយ៍ ជា ឫទ្ធីឈុត ឧត្ដមសេនីយ៍ លី សេងហុង ឧត្ដមសេនីយ៍ ម៉ែន ប៊ុនថន និងឧត្ដមសេនីយ៍ ហូ សុខ ជាដើម។

គួររំលឹកថា រដ្ឋប្រហារកាលពីឆ្នាំ១៩៩៧ បានផ្ទុះឡើងបន្ទាប់ពីសម្ដេចក្រុមព្រះ ប្រកាសធ្វើតុល្យភាពកម្លាំងទ័ពស្មោះត្រង់រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច។ លោក ហ៊ុន សែន ដែលនោះជានាយករដ្ឋមន្ត្រីទី២ បានចោទសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ថា បាននាំចូលអាវុធខុសច្បាប់ និងនាំចូលកម្លាំងទ័ពខ្មែរក្រហម មកបង្កប់នៅក្រុងភ្នំពេញ។ ប៉ុន្តែមន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ថ្លែងថា លោក ហ៊ុន សែន ទៅវិញទេ ដែលប្រើប្រាស់កម្លាំងអតីតខ្មែរក្រហមក្នុងការដណ្ដើមអំណាចពីសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាយករដ្ឋមន្ត្រីទី១ នោះ៕

Flag Counter