តើគេវាស់វែង ផលិតភាព (productivity) យ៉ាងដូចម្តេច?

ចែករំលែក ៖​

ផលិតភាព ឆ្លុះបញ្ចាំងប្រសិទ្ធភាព ក្នុងផលិតកម្ម។ ផលិតភាពកាន់តែខ្ពស់ ពេលណាផលិតផលកាន់តែច្រើន (មានតម្លៃកាន់តែខ្ពស់ដែរ) ហើយចំណាយផ្សេងៗទ្រទ្រង់ផលិតកម្មនោះ កាន់តែតិច។ គេអាចវាស់វែង ផលិតភាពទូទៅ ដោយយកខ្ទង់ចំណាយសរុប ទៅប្រៀបធៀបជាមួយនឹងតម្លៃផលិតផលសរុប។ តែគេអាចវាស់វែង ផលិតភាពពិសេសណាមួយ ដោយយកតែខ្ទង់ចំណាយណាមួយគត់ ទៅប្រៀបធៀបជាមួយនឹងតម្លៃផលិតផលសរុប។ ខ្ទង់ចំណាយ ទៅលើកត្តាផលិតកម្ម (factor of production) ដែលគេតាមដានជាងគេ គឺ ពលកម្ម (labour)។ អញ្ចឹងហើយ បានគេតែងតែវាស់វែង ផលិតភាពនៃពលកម្ម (labour productivity) ដែលស្មើនឹង ផលិតផលដែលសំរេចបានក្នុង ១ ម៉ោងធ្វើការ (Total output / Total labour hours devoted)។

ផលិតភាព ជាកត្តាកំណត់ជោគជ័យសេដ្ឋកិច្ច សម្រាប់សហគ្រាសនីមួយៗ ក៏ដូចជាសម្រាប់ប្រទេសនីមួយៗដែរ។ ការកើនឡើងនៃផលិតភាព នាំមកនូវការកើនឡើងនៃ ប្រាក់ចំណូលនិងប្រាក់ចំណេញ និង ការកើនឡើងនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ក្នុងប្រទេសនីមួយៗ ផលិតភាពរបស់ពលកម្ម មានកម្រិតខ្ពស់ ឬទាប អាស្រ័យលើការបណ្តុះបណ្តាលធនធានមនុស្សឲ្យមានជំនាញវិជ្ជាជីវះ ស្របទៅនឹងសេចក្តីត្រូវការរបស់ទីផ្សារអន្តរជាតិ ការស្រាវជ្រាវរកបច្ចេកវិទ្យាថ្មីមកប្រើប្រាស់ (research & development) និងការបង្កើនទុនវិនិយោគលើឧបករណ៍ សម្ភារៈ និង បច្ចេកទេសទំនើបបំផុត ក្នុងផលិតកម្មកែច្នៃ។ ក្នុងវិស័យទាំង ៣ នេះ ប្រទេសកម្ពុជាសព្វថ្ងៃ មានលក្ខណៈទន់ខ្សោយណាស់ ពិបាកតាមគេណាស់ ដោយសារបញ្ហាអភិបាលកិច្ច។ ជាពិសេស ប្រព័ន្ធអប់រំ មានកង្វះខាតយ៉ាងធ្ងន់ធ្ងរ ហើយអ្នកវិនិយោគទុនសព្វថ្ងៃ ច្រើនតែវិនិយោគខុសទិសដៅ (ដូចជាជួញដូរដី និងកាប់ឈើ ដែលជាសកម្មភាព ធ្វើនំអត់ម្សៅ)។

គេផ្តោតអារម្មណ៍ទៅលើតួលេខមួយទៀតដ៏សំខាន់ គឺចំណាយលើពលកម្ម តាមឯកតាផលិតផល (unit labour cost) ដែលជាតម្លៃឈ្នួល ១ ម៉ោង ចែកនឹងផលិតភាពនៃពលកម្ម (hourly compensation / productivity)។ តួលេខនេះ បង្ហាញថា បើយើងចង់ឡើងប្រាក់ម៉ោងឬប្រាក់ខែ ដោយនៅតែរក្សាសមត្ថភាពប្រកួតប្រជែង (competitiveness) របស់យើង យើងត្រូវតែបង្កើនផលិតភាពនៃពលកម្ម (labour productivity) របស់យើង។

 (ចុះផ្សាយនៅលើទំព័រ Facebook របស់ខ្ញុំ ថ្ងៃ ២១ តុលា ឆ្នាំ ២០១៥)

ព័ត៌មានថ្មីបំផុត
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
ខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
បទសម្ភាសន៍ជាមួយលោក សម រង្ស៊ី ជុំវិញការចោទប្រកាន់អំពីជម្លោះព្រំដែន និងការទម្លាយអំពីបណ្តាញឆបោក / TFA Interview with Sam Rainsy regarding allegations of border disputes and revelations about scam networks.
Flag Counter