អង្គការ GlobalWitness ​លាត​ត្រដាង ​អាណាចក្រ​ជំនួញ​ត្រកូល​ ហ៊ុន / Global Witness details the Hun family's business empire

ចែករំលែក ៖​

Shaun Turton and ផាក់ ស៊ាងលី  ភ្នំពេញ​ប៉ុស្តិ៍  Thu, 7 July 2016

ក្រុម​គ្រួសារ​​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​បាន​ប្រមែ​ប្រមូល​ទ្រព្យ​ធន​ច្រើន​សន្ធឹក​សន្ធាប់​ជាមួយ​នឹង​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ក្នុង​ស្រុក​យ៉ាង​ហោច​ណាស់​ចំនួន ១១៤ ក្រុមហ៊ុន​ក្នុង​នោះ​មាន​​ក្រុមហ៊ុន​ថាមពល​ក្រុមហ៊ុន​ទូរគមនាគមន៍​ក្រុមហ៊ុន​រុករក​រ៉ែ​ និង​​ក្រុមហ៊ុន​​ពាណិជ្ជកម្ម​ដែល​ភាគ​ច្រើន​​ក្នុង​វិស័យ​សំខាន់ៗ​​​​របស់​កម្ពុជា​។ ​នេះ​បើ​យោង​តាម​ការ​ស៊ើប​អង្កេត​​មួយ​របស់​អង្គការ Global Witness ​ដែល​បាន​ចោទ​ប្រកាន់​​ថា​គ្រួសារ​ត្រកូល​ ហ៊ុន ​បាន​បំពាន​ច្បាប់​​ប្រទេស​ដើម្បី​កសាង​អាណាចក្រ​​ជំនួញ​របស់​ខ្លួន។

របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា Hostile Takeover: The Corporate Empire of Cambodia’s Ruling Family ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ​បាន​រៀបរាប់​យ៉ាង​លម្អិត​ពី​​​ការ​កាន់កាប់​ច្រើន​​របស់​​ក្រុម​គ្រួសារ​​ត្រកូល​ ហ៊ុន និង​សម្ព័ន្ធ​​មិត្ត​​ដ៏​មាន​អំណាច​របស់​ពួកគេ​ក្នុង​វិស័យ​ទាំង ២០ ដោយ​របាយការណ៍​រកឃើញ​ថា​សាច់​ញាតិ ២៧ នាក់​របស់​​លោក​នាយក​រដ្ឋមន្រ្តី​មាន​​​​​​ការ​ផ្សារភ្ជាប់​នឹង​​ក្រុមហ៊ុន​ជាច្រើន​ដែល​​​តម្លៃ​​ទុន​ដំបូង​មាន​ចំនួន​ច្រើន​ជាង ២០០ លាន​ដុល្លារ​អាមេរិក​។

ទិន្នន័យ​ដែល​ទទួល​បាន​មកពី​បញ្ជី​​ពាណិជ្ជកម្ម​​របស់​ក្រសួង​ពាណិជ្ជកម្ម​មិន​​បាន​ផ្ដល់​​ព័ត៌មាន​អំពី​​ចំណូល​ទេ​មាន​ន័យ​​ថា​តួលេខ​នេះ​គ្រាន់​តែ​ជា «ចំណែក​មួយ» នៃ​តម្លៃ​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ​។

ម្យ៉ាង​ទៀត​របាយការណ៍​នេះ និង​ប្រភព​មួយ​ចំនួន​ដែល​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​​​សង្កត់​ធ្ងន់​ថា​ឯកសារ​គ្រាន់​តែ​ជា​ព័ត៌មាន​មួយ​ចំណែក​ទេ​ដោយ​​របាយការណ៍​បាន​​បញ្ជាក់​ថា​គ្រួសារ​នេះ​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា​បាន​ប្រើប្រាស់​អ្នក​តំណាង​ដើម្បី​លាក់បាំង​​ទំហំ​ពិតប្រាកដ​នៃ​អាណាចក្រ​​ជំនួញ និង​ទ្រព្យ​​​ផ្ទាល់​ខ្លួន​របស់​សមាជិក​ត្រកូល​ ហ៊ុន។

អ្នក​និពន្ធ​​​បាន​​សរសេរ​ថា៖ «របាយការណ៍​នេះ​ផ្ដល់​នូវ​មូលដ្ឋាន​ភ័ស្តុតាង​ដើម្បី​បញ្ជាក់​ពី​អ្វី​ដែល​ប្រជាជន​កម្ពុជា​ភាគ​ច្រើន​សង្ស័យ​ថា​លោក ហ៊ុន សែន បាន​រំលោភ​បំពាន​តំណែង​​នាយក​រដ្ឋមន្រ្តី​ដើម្បី​អនុញ្ញាត​​ឲ្យ​សាច់ញាតិ​គ្រប់គ្រង ឬ​កាន់កាប់​​ចំណែក​ធំ​ក្នុង​វិស័យ​សំខាន់ៗ​ភាគ​ច្រើន​​​របស់​កម្ពុជា»។

អ្នក​និពន្ធ​បាន​បន្ត​ថា៖ «​ទោះ​ជា​យ៉ាង​ណា​នេះ​មិន​ត្រឹម​​តែ​អំពី​ការ​ប្រមូល​ទ្រព្យ​​ផ្ទាល់​ខ្លួន​ ឬ​ចំណង​​ជាក់​លាក់​រវាង​សមាជិក​គ្រួសារ​ត្រកូល ហ៊ុន និង​​ក្រុមហ៊ុន​ទេ​គឺ​​អំពី​ការ​​គ្រប់គ្រង​របស់​គ្រួសារ​ត្រកូល ហ៊ុន ​លើ​​​វិស័យ​ឯកជន​ និង​សាធារណៈ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ធ្វើ​ឱ្យ​លោក ហ៊ុន សែន គ្រប់គ្រង​ស្ទើរតែ​ទាំង​ស្រុង​លើ​ប្រទេស​កម្ពុជា​»។

នៅ​សប្ដាហ៍​នេះ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​បដិសេធ​​ធ្វើ​អត្ថាធិប្បាយ​​អំពី​​ការ​រក​​ឃើញ​របស់​អង្គការ​ Global Witness ​ដោយ​ច្រាន​​ចោល​ថា​អង្គការ​ Global Witness កំពុង​ព្យាយាម​ញុះញង់​ឲ្យ​មាន​ «​​ការ​បះបោរ​» ​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋមន្រ្តី​​ហើយ​​ផ្តល់​ការ​កត់សម្គាល់​ថា​លោក​ជា​ «​អ្នក​នាំ​ពាក្យ​មិនមែន​ជា​មេធាវី​របស់​លោក​នាយក​រដ្ឋមន្រ្តី​ទេ​»។

អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​លោកស្រី​ សឹង សុផារី ​បាន​ទទួល​ស្គាល់​ថា​វា​តែងតែ​មាន​តម្រូវការ​​កែ​លម្អ​​​បញ្ញត្តិ​នៃ​វិស័យ​ឯកជន​ប៉ុន្តែ​​ថា​ភាព​ជោគជ័យ​របស់​សាច់​ញាតិ​របស់​លោក​នាយក​រដ្ឋមន្រ្តី​គឺ​​ដោយ​សារ​ «​កេរ្តិ៍​ឈ្មោះ​ល្អ​»​ ដែល​បាន​ទាក់ទាញ​វិនិយោគិន​។ ​«​វា​មិន​ល្អ​ឥតខ្ចោះ​...ប៉ុន្តែ​កម្ពុជា​ឥឡូវ​នេះ​គឺជា​ទីផ្សារ​សេរី​អ្នក​ដែល​មាន​លុយ​អាច​វិនិយោគ​ក្នុង​វិស័យ​ដែល​​ពួកគេ​ចង់​មិន​ថា​ពួកគេ​ជា​នរណា​ទេ​»​។

អាណាចក្រ

នៅ​ឆ្នាំ​ ២០១១ ​លោក​នាយក​រដ្ឋមន្រ្តី​បាន​ប្រកាស​ទ្រព្យសម្បត្តិ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដែល​ជា​ស្ថាប័ន​បង្កើត​ឡើង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ និង​​​ដឹកនាំ​ដោយ​លោក ឱម យ៉ិនទៀង ​ជា​មនុស្ស​ជំនិត​យូរ​មក​ហើយ​របស់​លោក​ ហ៊ុន សែន​។

លោក​នាយក​រដ្ឋមន្រ្តី​បាន​ប្រកាស​​ប្រាក់​បៀវត្សរ៍​របស់​លោក​ក្នុង​តំណែង​ជា​​​មេដឹកនាំ​​​ប្រទេស​ជា​ប្រភព​ចំណូល​តែ​មួយ​គត់​គឺ​ ១១៥០ ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​ ឬ ១៣៨០០ ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។
ខណៈ​ដែល​លោក​​កំពុង​ប្រគល់​ឯកសារ​​ដោយ​​​ផ្ទាល់​​នៅ​ទីស្នាក់ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នៅ​រាជធានី​ភ្នំពេញ​លោក​​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា​៖ «​ថ្ងៃ​នេះ​ខ្ញុំ​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្ញុំ​តាម​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ»។

យោង​តាម​​របាយការណ៍​ Hostile Takeover ​​​បាន​ឲ្យ​ដឹង​ថា​លើ​ឯកសារ​ក្រុម​គ្រួសារ​​របស់​លោក​ ហ៊ុន សែន មាន​ភាគហ៊ុន​​ច្រើន​​ក្នុង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ចំនួន ១៧ ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ចំនួន ១០ ​អាជីវកម្ម​បដិសណ្ឋារកិច្ច និង​ការ​កម្សាន្ត​ចំនួន ១០ ក្រុមហ៊ុន ៨ ទាំង​ក្នុង​វិស័យ​ទេសចរណ៍ និង​លក់​រាយ និង​ក្រុមហ៊ុន​ ៧ ក្នុង​វិស័យ​សំណង់​ និង​អចលនទ្រព្យ។

ការ​កាន់កាប់​របស់​ពួកគេ​ក៏​​មាន​ក្នុង​វិស័យ​ថាមពល ៦ ក្រុមហ៊ុន​រ៉ែ ៦ ក្រុមហ៊ុន​កសិកម្ម ៤ ​ក្រុមហ៊ុន និង​ព្រៃឈើ​មួយ​ក្រុមហ៊ុន និង​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​​មាន​កូនស្រី​របស់​លោក​នាយក​រដ្ឋមន្ត្រី​គឺ​លោកស្រី ហ៊ុន ម៉ាណា ជា​អ្នក​នាយិកា​វិទ្យុ និង​ទូរទស្សន៍​បាយ័ន។

គ្រួសារ​នេះ​ក៏​មាន​​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ទូរគមនាគមន៍​ចំនួន​​ពីរ​ផង​ដែរ​រាប់​ទាំង​ភាគហ៊ុន ៦ ភាគរយ​របស់​លោកស្រី​ ហ៊ុន ម៉ាណា ដែល​មាន​តម្លៃ ៤៤ លាន​ដុល្លារ​អាមេរិក​ក្នុង​ក្រុមហ៊ុន Viettel កម្ពុជា​គឺជា​ផ្នែក​មួយ​​នៃ​​ក្រុមហ៊ុន​ Viettel Group ​​គ្រប់គ្រង​ដោយ​កងទ័ព​វៀតណាម​ដែល​ជា​ម្ចាស់​ប្រព័ន្ធ​ទូរស័ព្ទ មិត្តហ្វូន។

នៅ​ក្នុង​របាយការណ៍​នេះ​មាន​ឧទាហរណ៍​ជាច្រើន​ស្ដី​អំពី​ «​​​ការ​អនុគ្រោះ​​ពិសេស»​​ លើ​ក្រុមហ៊ុន​​ក្នុង​នោះ​​​​​រួម​មាន​ការ​​​គាំទ្រ​របស់​លោក ​ហ៊ុន សែន ​ចំពោះ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​នេះ​ដោយ​លោក ហ៊ុន សែន បាន​ណែនាំ​ទាហាន​​ទាំងអស់​​​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​នេះ។ ​លេខ​ទូរស័ព្ទ​ទំនាក់​ទំនង​​ផ្នែក​ព័ត៌មាន​​របស់​ក្រុមហ៊ុន​នោះ​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​សប្តាហ៍​នេះ។

អង្គការ Global Witness ក៏​បាន​កត់សម្គាល់​ផង​ដែរ​​ថា​ក្រសួង​ទេសចរណ៍​​​បាន​កំណត់​​​​យក​ទឹក​បរិសុទ្ធ វីតាល់ ​ដែល​ជា​ផលិត​ដោយ​ក្រុមហ៊ុន NVC Corporation ដឹកនាំ​ដោយ​លោកស្រី ហ៊ុន ម៉ាណា ជា​ទឹក​​​បរិសុទ្ធ​ផ្លូវ​ការ​សម្រាប់​ពិធី​​ទាំងអស់​របស់​រដ្ឋ​។​ នេះ​បើ​តាម​​​​គេហទំព័រ​របស់​ក្រុមហ៊ុន NVC។

អាជីវកម្ម​​របស់​គ្រួសារ​​នេះ​រួម​មាន​​​ក្រុមហ៊ុន​រោងចក្រ​ចំនួន​ពីរ​ក្រុមហ៊ុន​​មេធាវី ឬ​ពន្ធ​ចំនួន​ពីរ​ប្រតិបត្តិករ​ល្បែង​ស៊ីសង​ចំនួន ២ ក្រុមហ៊ុន​សន្តិសុខ​ចំនួន ២ និង​ភាគហ៊ុន​ក្នុង​​​តំបន់​សេដ្ឋកិច្ច​ពិសេស​​ចំនួន​ ២ ​​​រួម​ទាំង​ក្រុមហ៊ុន​ឱសថ​ផង​ដែរ។

ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង ១១៤ គឺ​មាន​ក្រុមហ៊ុន ២០ គ្មាន​ចែង​ពី​កម្មវត្ថុ​ទេ​ហើយ​​មាន​តែ ១០៣ ក្រុមហ៊ុន​ប៉ុណ្ណោះ​ដែល​​​ចុះ​បញ្ជី​សមាជិក​គ្រួសារ​ត្រកូល​ ហ៊ុន ជា​ប្រធាន​ អភិបាល ឬ​មាន​ភាគហ៊ុន​ជាង ២៥ ភាគរយ។

អង្គការ Global Witness ក៏​បាន​គូសបញ្ជាក់​​ផង​ដែរ​ពី​ចំណង​​ទាក់ទង​ជាច្រើន​រវាង​ក្រុមហ៊ុន​ម៉ាក​អន្តរជាតិ និង​​​គ្រួសារ​ត្រកូល​ ហ៊ុន ដែល​​អង្គការ​​​នេះ​​ហៅ​ថា​ជា​ «អ្នក​​យាម​ទ្វារ​ធំ​» ​​ចំពោះ​ការ​ហូរ​ចូល​នៃ​មូលធន​បរទេស​ដែល​​ចង់​​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា។

ក្រុមហ៊ុន​អន្តរជាតិ Apple ក្រុមហ៊ុន Canon ក្រុមហ៊ុន LG Electronics ក្រុមហ៊ុន Lenovo-IBM ក្រុមហ៊ុន Nokia ក្រុមហ៊ុន Electrolux និង​ក្រុមហ៊ុន Pioneer ធ្វើការ​ចែកចាយ​តាមរយៈ​​ក្រុមហ៊ុន​ដែល​មាន​ចំណង​នឹង​គ្រួសារ​នេះ។

ផលិត​ផល​រួមមាន​ Nescafe Gold ស្រា​វីស្គី Johnnie Walker ស្រា​ខូញ៉ាក់ Hennessy និង​ស្រាបៀរ Corona ស្រោម​អនាម័យ Durex ​​ត្រូវ​បាន​​ដាក់​លក់​តាម​ក្រុមហ៊ុន​ដែល​មាន​​ចំណង​ទាក់ទង​នឹង​​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន​។

លោក អៀ សុផល សាស្ត្រាចារ្យ​ផ្នែក​ការទូត​ និង​កិច្ចការ​ពិភពលោក​នៅ​ Occidental College ក្នុង​ទីក្រុង Los Angeles ​បាន​លើក​ឡើង​ពី​ការ​រកឃើញ​ក្នុង​របាយការណ៍​របស់​អង្គការ​ Global Witness ថា៖ «របាយការណ៍​បាន​បង្ហាញ​ថា​យើង​កំពុង​និយាយ​ពី​មនុស្ស​មួយ​ចំនួន​តូច​មាន​​​​​ចំណែក​​​​លើ​អ្វីៗ​គ្រប់​យ៉ាង»។

លោក​បាន​បន្ថែម​ថា៖ «តើ​អ្នក​អាច​នឹក​ស្រមៃ​​ឃើញ​ទេ​ថា​តើ​អត្ថប្រយោជន៍​នៃ​សកល​ភាវូបនីយកម្ម​​​អាច​ចែក​រំលែក​យ៉ាង​ទូលំ​ទូលាយ និង​​​​​ផ្លាស់ប្តូរ​ជីវិត​ក្នុង​កាលៈទេសៈ​ផ្សេង​ទៀត​​ដោយ​របៀប​ណា​​? ​វា​​គឺ​អំពី​ខ្សែ និង​ខ្នង​នៅ​កម្ពុជា​ឪពុក​ម្តាយ​ជា​អ្នក​​​​​​​កំណត់​អំពី​កម្រិត​ដែល​​កូន​អាច​ដើរ​ឆ្ងាយ​ប៉ុន​ណា​ហើយ​នោះ​គឺ​​ជា​រឿង​ដែល​គួរ​ឲ្យ​អាណិត​អាសូរ​ណាស់»។

ជួប​គ្រួសារ​ត្រកូល ហ៊ុន និង​ដៃគូ​

ស្លាក​យីហោ​ទំនិញ​មួយ​ចំនួន​ដែល Global Witness អះអាង​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រួម​ចំណែក​ពី​ក្រុម​គ្រួសារ និង​សាច់ញាតិ​ត្រកូល ហ៊ុន។ រូបថត Daniel Nass

ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន វីរជន​​កម្ពុជា​បាន​ពង្រឹង​ការ​គ្រប់គ្រង​របស់​ពួកគេ​​ក្នុង​ប្រទេស​​នេះ​តាមរយៈ​យុទ្ធសាស្រ្ត​​រៀបការ​​ដើម្បី​បង្កើត​​ចំណង​រវាង​គ្រួសារ​ក្រុមហ៊ុន និង​មុខ​តំណែង​សាធារណៈ។

ការ​កាន់កាប់​ទាំង​នោះ​មាន​ពាក់ព័ន្ធ​នឹង​សមាជិក​​គ្រួសារ​ត្រកូល ហ៊ុន ​និង​​អ្នក​ជិត​ស្និទ្ធ​​របស់​ពួកគេ​​សរុប​ចំនួន​ ២៧ ​នាក់​ហើយ​យ៉ាង​ហោច​ណាស់​ ៤ ​​ក្នុង​ចំណោម​នោះ​រួមមាន​កូន​ប្រុស​កណ្តាល​​របស់​លោក​នាយក​រដ្ឋមន្រ្តី​គឺ​លោក ហ៊ុន មានិត មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​​​ក្រុមហ៊ុន​មួយ​ចំនួន​​ខណៈ​​កំពុង​កាន់​តំណែង​ជាន់​ខ្ពស់​នៅ​ក្នុង​​កងកម្លាំង​​សន្តិសុខ​របស់​ជាតិ​។

កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន ​លោក ហ៊ុន ម៉ាណែត​ ​ដែល​ជា​​ឧត្តមសេនីយ៍ឯក​ និង​ថ្មីៗ​នេះ​ទៀត​កូនប្រុស​ពៅ​​គឺ​លោក ហ៊ុន ម៉ានី តំណាងរាស្រ្ត​មិន​ជាប់​ពាក់ព័ន្ធ​​ជាមួយ​ក្រុមហ៊ុន​​នៅ​ក្នុង​របាយការណ៍​នេះ​ទេ​ប៉ុន្តែ​ភរិយា​​របស់​គាត់​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ធំ​ៗ​។

ភរិយា​របស់​លោក ម៉ាណែត គឺ​លោកស្រី ពេជ ចន្ទមុនី កូនស្រី​របស់​លោក ពេជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ចំនួន​ ៨ រួម​ទាំង​ជា​អ្នក​អភិបាល​រោង​ភាពយន្ត​ Legends Cinema ផង។

ទន្ទឹម​នេះ​លោកស្រី យឹម ​ឆៃលីន ​ភរិយា​​របស់​លោក ហ៊ុន ម៉ានី ​ជា​កូនស្រី​​របស់​ឧបនាយក​រដ្ឋមន្រ្តី យឹម ឆៃលី មាន​តួនាទី​នៅ​ក្រុមហ៊ុន​ចំនួន​ ៦ ​​រួម​ទាំង​​ជា​នាយិកា​​​ក្រុមហ៊ុន​រុករក​រ៉ែ​​មួយ​ និង​​​មាន​ហ៊ុន​ចំនួន​ ២០ ​ភាគរយ​នៅ​​ក្រុមហ៊ុន​លក់​​ឱសថ​។

ចំពោះ​លោក ហ៊ុន ម៉ានិត ​ប្រធាន​នាយកដ្ឋាន​ចារកម្ម​​របស់​យោធា​ត្រូវ​បាន​​អង្គការ​​ Global Witness អះអាង​ថា​គាត់​មាន​តំណែង​ជា​ម្ចាស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី​​កម្ពុជា​ឯកជន​ដែល​​មិន​ត្រូវ​បាន​អនុញ្ញាត​ដោយ​ច្បាប់​។

បើ​តាម​មាត្រា​​​ ២៥ ​​នៃ​លក្ខន្តិកៈ​​ទូទៅ​របស់​មន្រ្តី​យោធា​នៃ​កងយោធពល​ខេមរភូមិន្ទ​មន្រ្តី​កងយោធពល​ខេមរភូមិន្ទ​ត្រូវ​បាន​ហាម​ប្រាម​មិន​ឲ្យ​ធ្វើ​ជា​ «​សមាជិក​​គណៈកម្មាធិការ​នាយក​​ ឬ​ធានា​ចំពោះ​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ឯកជន​ទេ»។

ភ្នំពេញ​ប៉ុស្តិ៍​​នៅ​សប្តាហ៍​នេះ​មិន​អាច​ទាក់ទង​លោក ម៉ានិត បាន​​ទេ​ដែល​​ភរិយា​​របស់​គាត់​ឈ្មោះ ហុក ចិន្តាវី កូនស្រី​របស់​លោក ហុក ឡងឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ​ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី​ថា​ជា​អ្នក​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​​​​ក្នុង​ក្រុង​បាវិត​ ។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​លោក ឈុំ សុជាតិ ​បាន​បដិសេធ​មិន​​ធ្វើ​អត្ថាធិប្បាយ​​អំពី​តួនាទី​ទ្វេ​របស់​លោក ម៉ានិត នោះ​ទេ។

ខណៈ​ចំណុច​​ផ្តោត​ជា​ញឹកញាប់​ត្រូវ​បាន​សំដៅ​ទៅ​លើ​កូន​ប្រុស​ត្រកូល​ ហ៊ុន ប៉ុន្តែ​កូនស្រី​ត្រកូល​នេះ​ក៏​មាន​អាជីវកម្ម​សំខាន់ៗ​ជាច្រើន​ដែរ​ជាពិសេស​កូនស្រី​​បង​បង្អស់ ​ហ៊ុន ម៉ាណា ​ដែល​​​ជា​ពាណិជ្ជករ​ល្បី​ឈ្មោះ​ហើយ​ត្រូវ​បាន​​អង្គការ Global Witness ​រៀបរាប់​ថា​មាន​តាំងពី​ក្រុមហ៊ុន​​​ប្រព័ន្ធ​ផ្សព្វផ្សាយ ​ក្រុមហ៊ុន​ផ្សាយ​ពាណិជ្ជកម្ម ក្រុមហ៊ុន​ទូរគមនាគមន៍​រហូត​ដល់​​ក្រុមហ៊ុន​សេវា​អាកាសចរណ៍​វីអាយភី សារមន្ទីរជាតិ​អង្គរ​ក្នុង​ខេត្ត​សៀមរាប​ ​និង​​មាន​ភាគហ៊ុន​ជាមួយ​ក្រុមហ៊ុន Royal Group របស់​លោក​ឧកញ៉ា គិត ម៉េង ទៀត​ផង។

ប្អូនស្រី​របស់​គាត់ ហ៊ុន ម៉ាលី មាន​ភាគហ៊ុន​​នៅ​ក្នុង​ក្រុមហ៊ុន​ចំនួន​ ៧​ រួម​ទាំង​ជា​​ម្ចាស់​​ផ្សារ​ទំនើប TK Avenue និង​ជា​ម្ចាស់​ភាគហ៊ុន​​​នៃ​ភោជនីយដ្ឋាន​ Strongrill ផង​ដែរ។

ស្វាមី​របស់​លោកស្រី ម៉ាណា គឺ​ឧត្តមសេនីយ៍​នគរបាល​ផ្កាយ​បី​ឈ្មោះ ឌី វិជ្ជា កូនប្រុស ហុក ឡងឌី និង​ស្វាមី​របស់​អ្នកស្រី ម៉ាលី គឺ​​លោក សុខ ពុទ្ធីវុធ កូន​ប្រុស​របស់​ឧបនាយក​រដ្ឋមន្រ្តី សុខ អាន ​ក៏​​គ្រប់គ្រង​ក្រុមហ៊ុន​ជាច្រើន​ផង​ដែរ​។

លោក ឌី វិជ្ជា ​ត្រូវ​បាន​ដាក់​នៅ​ក្នុង​បញ្ជី​ថា​ជា​នាយក​​ និង​ជា​ម្ចាស់​​ភាគហ៊ុន​​នៃ​ក្រុមហ៊ុន​ល្បែង​​ Poseidon។ នេះ​បើ​តាម​ការ​ដាក់​នៅ​ក្នុង​បញ្ជី​ពាណិជ្ជកម្ម​ដោយ​​សារព័ត៌មាន Bloomberg។

បើ​តាម​របាយការណ៍​របស់​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ក្នុង​ឆ្នាំ​ ២០០៨ ក្រុមហ៊ុន​បច្ចេកវិទ្យា​​របស់​ហ្វីលីពីន DFNN បាន​ទិញ​​ក្រុមហ៊ុន Poseidon ​យ៉ាង​ស្ងាត់ៗ​​​តាមរយៈ​​ក្រុមហ៊ុន​សាខា​សិង្ហបុរី​មួយ​ក្នុង​តម្លៃ​​ ៤,២ ​លាន​ដុល្លារ​ខណៈ​ចំណូល​របស់​ក្រុមហ៊ុន​នេះ​គឺ​​មាន​ចំនួន​រហូត​ដល់​ ២១,២ ​លាន​ដុល្លារ​ចន្លោះ​ពី​ខែ​មិថុនា​ និង​ខែ​ធ្នូ​ឆ្នាំ​ ២០០៧​ រួម​ទាំង​​ប្រាក់​ចំណេញ​​ចំនួន​ ១,០៩ ​លាន​ដុល្លារ​។

លោក វិជ្ជា មិន​អាច​ទាក់ទង​បាន​​ទេ​នៅ​សប្តាហ៍​នេះ​ខណៈ​​ក្រុមហ៊ុន​ DFNN ​មិន​ឆ្លើយតប​នឹង​សំណើ​សុំ​​ព័ត៌មាន​ត្រឹម​ម៉ោង​ចេញ​ព័ត៌មាន​។

ប្អូនស្រី​របស់​លោក ហ៊ុន សែន ​​លោកស្រី ហ៊ុន សេងនី មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​ចំនួន​ ១២​ ហើយ​បងប្អូន​ជីដូន​មួយ​​របស់​គាត់​ឈ្មោះ ឌី ចូច រួម​ទាំង​អតីត​ភរិយា​របស់ ចូច គឺ​លោកស្រី សេង គាង ​ដែល​កាលពី​មុន​ត្រូវ​បាន​ចោទ​ប្រកាន់​​ដោយ​អង្គការ Global Witness ថា​មាន​ក្រុមហ៊ុន​កាប់​ឈើ​ខុស​ច្បាប់​គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ចំនួន ៥​។

លោកស្រី គាង ​ជា​មនុស្ស​មាន​ទំនាក់​ទំនង​​ជិតស្និទ្ធ​ជា​មួយ​ជំទាវ​ធំ ប៊ុន រ៉ានី ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី​ថា​ជា​ប្រធាន​ និង​នាយក​​ក្រុមហ៊ុន Grand Harvest International ជាប់​ពាក់ព័ន្ធ​នឹង​​ក្រុមហ៊ុន ហុង កុង ដែល​មាន​ឈ្មោះ​ដូច​គ្នា​ដែល​អះអាង​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​​​​ថា​ផ្គត់ផ្គង់​​​ទៅ​ម៉ាក​ល្បីៗ​ដូចជា​ ម៉ាក Tommy Hilfiger ម៉ាក Polo Ralph Lauren និង ម៉ាក All Saints។

ក្មួយស្រី និង​ក្មួយប្រុស​រួម​ទាំង​សាច់​ថ្លៃ​ក៏​មាន​ប្រវត្តិ​​​ចាប់​អារម្មណ៍​ផង​ដែរ​។ កូនៗ​​របស់​លោក ហ៊ុន ណេង ជា​​បង​ប្រុស​របស់​លោក ហ៊ុន សែន ​​ដែល​បច្ចុប្បន្ន​ជា​តំណាងរាស្រ្ត​​ និង​អតីត​អភិបាល​ខេត្ត​​កំពង់ចាម​មាន​​ការ​ជាប់​ទាក់ទង​​ទៅ​នឹង​ក្រុមហ៊ុន​ចំនួន​ ២៨ ខណៈ​ភរិយា​របស់​លោក​​ជា​ម្ចាស់​ក្រុមហ៊ុន​ពីរ​។

នៅ​ពេល​ទាក់ទង​នៅ​សប្ដាហ៍​នេះ​លោក​ឧកញ៉ា​ ហ៊ុន តូ កូន​ប្រុស​លោក​ ហ៊ុន ណេង​ បាន​លើក​ឡើង​ថា​របាយការណ៍​អង្គការ​ Global Witness ​គឺជា​រឿង​របស់​អង្គការ​មួយ​នេះ។​ តែ​ការ​រកស៊ី​ធ្វើ​ជំនួញ​ជា​រឿង​របស់​អ្នក​ផ្សេង​គឺ​កុំ​ឲ្យ​តែ​មាន​ការ​ប្រព្រឹត្ត​ខុស​ច្បាប់​រដ្ឋ។

លោក​ ហ៊ុន តូ ​បញ្ជាក់​ថា៖ «រឿង​ហ្នឹង​រឿង​របស់​វា​ទេ​កុំ​ឈឺ​ក្បាល​ជាមួយ​ខ្ញុំ។​ ខ្ញុំ​គ្មាន​ពេល​អី​ឈឺ​ក្បាល​ជាមួយ​​ទេ​។ គេ​រកស៊ី​ជា​រឿង​របស់​គេ​ទេ​គ្មាន​ទៅ​ទើស​គេ​ទេ។ កុំ​ឲ្យ​តែ​គេ​ទៅ​ប្លន់​អ្នក​ណា​។ គេ​រកស៊ី​រឿង​អី​ជា​រឿង​ស្រប​ច្បាប់​របស់​គេ​ទេ»។

នៅ​ពេល​ទាក់ទង​កាលពី​ថ្ងៃ​ចន្ទ​លោក​ ហ៊ុន ណេង​ ដែល​ជា​បងប្រុស​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​បាន​ថ្លែង​ថា​ចំពោះ​លោក​ផ្ទាល់​មិន​ដែល​ធ្វើការ​រកស៊ី​នោះ​ទេ​ហើយ​កូនៗ​វិញ​ក៏​គ្មាន​ក្រុមហ៊ុន​ច្រើន​រហូត​ដល់​ទៅ​ជាង​ ២០ ​នោះ​ដែរ​។ ម្យ៉ាង​វិញ​ទៀត​បើ​និយាយ​ពី​អ្នក​រកស៊ី​មាន​ត្រកូល​ ហ៊ុន វិញ​គឺ​មាន​ច្រើន​ណាស់។

លោក ហ៊ុន ណេង ថ្លែង​ថា៖ «មក​សួរ​អី​ខ្ញុំ ​ខ្ញុំ​អត់​ដឹង​អី​ផង​។ ត្រកូល​ ហ៊ុន ​មាន​ច្រើន​ណាស់​មាន​ជីដូន ជីទូត ជីលា​។ កូន​ខ្ញុំ​តែ​ពីរ​បី​នាក់​ហ្នឹង​មាន​ក្រុមហ៊ុន​ឯ​ណា​ដល់​ ២៨ ​នោះ​។ របាយការណ៍​មាន​ពិត និង​មិន​ពិត​។ ធ្វើ​ឲ្យ​ពិត​ស្រួល​បួល​មើល​។ អា​មិន​ពិត​ហ្នឹង​ជាប់​គុក​អាហ្នឹង»​។ ​លោក ហ៊ុន ណេង សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ត​នោះ​ទេ​ដោយសារ​តែ​លោក​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​។

ភ្នំពេញ​ ប៉ុស្តិ៍ ​បាន​ព្យាយាម​ទាក់ទង​លោក​ ឌី វិជ្ជា ​ស្វាមី​លោកស្រី​ ហ៊ុន ម៉ាណា តែ​លោក​មិន​លើក​ទូរស័ព្ទ។ រីឯ​លោកស្រី ហ៊ុន ម៉ាណា ក៏​មិន​បាន​ឆ្លើយតប​នឹង​សំណួរ​ភ្នំពេញ​ប៉ុស្តិ៍​ដែល​បាន​ផ្ញើ​តាម​ហ្វេសប៊ុក​ផ្លូវការ​លោកស្រី​កាល​ពី​ថ្ងៃ​ចន្ទ​ដែរ​ខណៈ​ដែល​លោក អ៊ាង សុផល្លែត ជំនួយការ​លោក ហ៊ុន សែន សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​​ចំពោះ​របាយការណ៍​នេះ។

យ៉ាង​ណា​ក៏ដោយ​លោក​ អ៊ុយ ​សំអាត ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​គ្រោះ​មហន្តរាយ​កាកបាទ​ក្រហម​កម្ពុជា​បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​របស់​ Global Witness នេះ។ លោក​បាន​អះអាង​ថា​លោក​ជំទាវ​អត់​មាន​ការ​រកស៊ី ឬ​ភាគហ៊ុន​ជាមួយ​នឹង​ក្រុមហ៊ុន​ណា​មួយ​ដូច​ការ​ចោទប្រកាន់​របស់​អង្គការ​ Global Witness​ នោះ​ទេ។

លោក​ សំអាត​ បញ្ជាក់​កាលពី​ម្សិលមិញ​ថា​៖ «Global Witness ចេះ​តែ​ថា។ ​រឿង​សម្តេច​ប្រធាន​គឺ​លោក​អត់​មាន​ទេ។​ តែ​រឿង​កូនចៅ​គាត់​ពូ​ក៏​មិន​ស៊ី​ជម្រៅ​ដែរ»។ តែ​លោក​​​បាន​លើក​ឡើង​ថា​នៅក្នុង​ច្បាប់​អត់​មាន​ហាមឃាត់​អត្តបុគ្គល​ណា​មួយ​មិន​ឲ្យ​ប្រកប​មុខរបរ​រកស៊ី​នោះ​ទេ​។

រីឯ​លោក ហ៊ុន ម៉ាណែត ​និង​លោក​ឧបនាយក​រដ្ឋមន្ត្រី យឹម ឆៃលី​ មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​កាលពី​ម្សិលមិញ​ខណៈ​ដែល​លោក​ឧត្តមសេនីយ៍ យឹម លាង កូន​ប្រុស​លោក យឹម ឆៃលី បដិសេធ​ និង​បាន​ថ្លែង​ថា​អង្គការ Global Witness ​ចេះ​តែ​លើក​ឡើង​ប៉ុណ្ណោះ​។

នៅ​លើ​ច្បាប់​?

នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ក្រុមហ៊ុន​ច្បាប់​ដែល​បង្កើត​ឡើង​ដោយ​លោកស្រី ហ៊ុន គឹមឡេង ក្មួយស្រី​របស់​លោក​នាយក​រដ្ឋមន្រ្តី​បាន​​គូសបង្ហាញ​អំពី​​គុណប្រយោជន៍​​ដែល​ខ្លួន​អាច​ផ្តល់​ឲ្យ​គឺ​ការងារ​ឡប់ប៊ី​។
ក្រុមហ៊ុន HML Law Firm & Consultants គឺ «​ត្រូវ​បាន​ដាក់​ជំហរ​យ៉ាង​ល្អ​​ក្នុង​ការ​ធានា​ឲ្យ​មាន​​កិច្ចសហការ​​ និង​លទ្ធផល​ល្អ​» ​ពី​ការ​ឡប់ប៊ី​ក្រសួង​ និង​ស្ថាប័ន​​របស់​រដ្ឋាភិបាល​»។ ​នេះ​បើ​តាម​គេហទំព័រ​របស់​​ខ្លួន។

នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​អង្គការ​ Global Witness ​បាន​បង្ហាញ​ថា​ក្រុមហ៊ុន​ដែល​ជាប់​​ពាក់ព័ន្ធ​នឹង​គ្រួសារ​ត្រកូល​ ហ៊ុន ​ទទួល​បាន​ «​ការ​អនុគ្រោះ​ពិសេស​» នៅ​ក្នុង​​​កិច្ចការ​ជាមួយ​រដ្ឋ​ខណៈ​ឥទ្ធិពល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​លើ​តុលាការ​​បាន​អនុញ្ញាត​ឲ្យ​ពួកគេ​ប្រតិបត្តិការ​ជាមួយ​​និទ្ទណ្ឌភាព​ពី​ច្បាប់​ខណៈ​ច្បាប់​​បង្កើត​ឡើង​គឺ​ដើម្បី​ការពារ​មិន​ឲ្យ​មាន​អំពើ​ពុករលួយ​ធានា​នូវ​តម្លាភាព និង​ផ្តន្ទាទោស​ចំពោះ​ការ​រំលោភ​​បំពាន​​ច្បាប់។

នៅ​ពេល​ទាក់ទង​នា​សប្តាហ៍​នេះ​ក្រុមហ៊ុន HML ​បាន​បដិសេធ​​ថា​ខ្លួន​មិន​បាន​ប្រព្រឹត្ត​ក្នុង​លក្ខណៈ​​មិន​សមស្រប​ណា​​នោះ​ទេ​។

ប៉ុន្តែ​​នៅ​ក្នុង​ពិភព «​ល្អក់​កករ» ​នៃ​ពាណិជ្ជកម្ម​កម្ពុជា​ការ​មាន​ទំនាក់​ទំនង​ជាមួយ​អ្នក​មាន​អំណាច​ខ្ពស់​ត្រឹមត្រូវ​គឺ​សំខាន់​ណាស់​។ នេះ​បើ​តាម​​ប្រភព​នៅក្នុង​មជ្ឈដ្ឋាន​ពាណិជ្ជកម្ម​។

ថ្លែង​សុំ​មិន​បញ្ចេញ​​ឈ្មោះ​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​​ធុរកិច្ច​ជនជាតិ​បរទេស​​ដែល​មាន​បទពិសោធ​យូរ​មក​ហើយ​បាន​ថ្លែង​ថា​ខណៈ​មនុស្ស​មួយ​ចំនួន​ដូចជា​លោកស្រី គឹមឡេង ​​មាន​ទំនាក់​ទំនង​ជា​ចំហ​ជាមួយ​គ្រួសារ​ត្រកូល​ ហ៊ុន ដែល​មាន​ «​តម្លៃ​យ៉ាង​ខ្លាំង​»​ នៅ​ពេល​និយាយ​​អំពី​ការ​ធ្វើ​ការងារ​ជាមួយ​រដ្ឋាភិបាល​​ខណៈ​សាច់ញាតិ​ដទៃៗ​ជា​ញឹកញាប់​មាន​ទំនាក់​ទំនង​ស្ងាត់ៗ​ដើម្បី​ការពារ​គ្រួសារ​​ និង​​កេរ្តិ៍ឈ្មោះ​ដៃគូ​របស់​ពួកគេ។ «​ផ្នែក​រឹង​គឺ​ការ​ដឹង​ថា​អ្វី​ជា​របស់​ពួកគេ​ ឬ​អ្វី​ជា​របស់​អ្នក​ដទៃ​ពួកគេ​​មាន​កម្មសិទ្ធិ​ជាច្រើន​ដែល​អ្នក​មិន​ដែល​ឃើញ​ជា​លាយលក្ខណ៍​អក្សរ​​នៅ​កន្លែង​ណា​ទេ​»​។

ប្រភព​មួយ​ទៀត​​ជា​អ្នក​ជំនាញ​ច្បាប់​មាន​បទពិសោធ​យូរ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ផង​ដែរ​នោះ​បាន​ថ្លែង​ថា​សមាជិក​​គ្រួសារ​ និង​ឥស្សរជន​មាន​អំណាច​ដទៃៗ​ដែល​ភ្ជាប់​ទំនាក់​ទំនង​​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ញឹកញាប់​ធ្វើការ​​ជា​ដៃគូ​ស្ងាត់​ដែល​អាច​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ច្បាប់​ដោយ​រលូន។

គាត់​បាន​ថ្លែង​ថា៖«​ពួកគេ​ជួយ​ឲ្យ​ទទួល​បាន​អាជ្ញាប័ណ្ណ​ក្នុង​រយៈពេល​លឿន​»​។ គាត់​បន្ថែម​ថា៖ «​ពួកគេ​ផ្តល់​ការ​គាំទ្រ​ល្អ​» ​នៅ​ក្នុង​ករណី​មាន​បញ្ហា​​ និង​កត់សម្គាល់​​ថា​វា​នឹង​ជួយ​ផង​ដែរ​លើ​បញ្ហា​ការងារ​ពាក់ព័ន្ធ​​អធិការកិច្ច​ពន្ធដារ​លើ​ក្រុមហ៊ុន​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​គ្រួសារ​ត្រកូល ហ៊ុន​។
ទោះ​ជា​យ៉ាងណា​ក្តី​ពួកគេ​និយាយ​ថា​ការ​មាន​ទំនាក់​ទំនង​ជាមួយ​គ្រួសារ​ត្រកូល​ ហ៊ុន ​ឬ​បុគ្គល​មាន​អំណាច​ណា​មួយ​ក្នុង​ប្រទេស​កម្ពុជា​អាច​ប្រែ​ក្លាយ​ជា​ល្វីង​ជូរចត់​​​យ៉ាង​លឿន​ប្រសិន​បើ​កិច្ច​សន្យា​មិន​ត្រូវ​បាន​គោរព​។

កាលពី​ម្សិលមិញ​ភ្នំពេញ​ប៉ុស្តិ៍​ក៏​បាន​ព្យាយាម​ទាក់ទង​សុំ​អត្ថាធិប្បាយ​លោកស្រី​ ហ៊ុន ម៉ាលី ហ៊ុន គឹមឡេង និង ហ៊ុន សេងនី តែ​អ្នក​លើក​ទូរស័ព្ទ​បាន​ឆ្លើយ​ថា​ច្រឡំ​លេខ។

បើ​តាម​អង្គការ​តម្លាភាព​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា​ស្ថាប័ន​រដ្ឋ​​របស់​កម្ពុជា​ជាពិសេស​ស្ថាប័ន​តុលាការ​ត្រូវ​បាន​ចាត់​ទុក​ថា​ពុករលួយ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​ខណៈ​​ការ​ដាក់​លំដាប់​ថ្នាក់​​ស្តីពី​​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​​​​របស់​ធនាគារ​ពិភពលោក​បាន​ដាក់​បញ្ជី​កម្ពុជា​​ជា​ប្រទេស​ទី​ ១៣៣​ ក្នុង​ចំណោម​ប្រទេស​ ១៨៩​ ជាមួយ​នឹង​ «ការ​​អនុវត្ត​កិច្ចសន្យា​» ​គឺជា​វិស័យ​បារម្ភ​បំផុត​។

ប្រភព​អ្នក​ជំនាញ​ច្បាប់​​បាន​ថ្លែង​បន្ត​ថា៖ «បើ​សូម្បី​អ្នក​ទទួល​បាន​​ការ​សម្រេច​នៅ​ក្នុង​តុលាការ​មជ្ឈត្តការ​អន្តរជាតិ​នរណា​នឹង​អនុវត្ត​វា?​»។

បើ​តាម​របាយការណ៍​អាជីវកម្ម​​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​គ្រួសារ​​ត្រកូល​ ហ៊ុន ​គឺ​មាន​គម្រោង​ធំៗ​​ដែល​ទទួល​បាន​កិច្ចសន្យា​ពី​រដ្ឋ​ការ​រុករក​រ៉ែ​ធម្មជាតិ​រួម​ទាំង​ការ​កាប់​ឈើ​ រ៉ែ និង​បូម​ខ្សាច់ ឬ​ទទួល​បាន​សិទ្ធិ​យ៉ាង​រឹងមាំ​រួម​ទាំង​​អាជ្ញាប័ណ្ណ​​កាស៊ីណូ​​ និង​សិទ្ធិ​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ច​ពិសេស​។

បើ​តាម​ទិន្នន័យ​ក្រុមហ៊ុន​​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​​គ្រួសារ​ត្រកូល​ ហ៊ុន បាន​កាន់កាប់​សម្បទាន​រុករក​រ៉ែ​​ក្នុង​ខេត្ត​ចំនួន​ប្រាំ​រួម​ទាំង​ដី​ចំនួន​ ២០០០០ ​ហិកតា​​ក្នុង​ខេត្ត​ឧត្តរមានជ័យ​​ដែល​កាន់កាប់​ដោយ​ក្រុមហ៊ុន​ Worldwide Investment Group ​របស់ ហ៊ុន គឹមឡេង ​ក្មួយ​ប្រុស​​​របស់​លោក​នាយក​រដ្ឋមន្រ្តី​ដែល​ថ្លែង​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​​ថា​ទីតាំង​នោះ​មាន​ «​ស្រទាប់​​ធ្យូង​ថ្ម​ដ៏ធំ​»​ ខណៈ​មាន​ការ​កត់សម្គាល់​​ផង​ដែរ​ថា​ក្រុមហ៊ុន​មាន​​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​​នៅ​​តាម​​បណ្តោយ​ទន្លេ​មេគង្គ​ចម្ងាយ​ ៤ ​គីឡូម៉ែត្រ​។

ការ​រកស៊ី​មួយ​ចំនួន​ក្នុង​វិស័យ​កសិកម្ម​ក៏​ត្រូវ​បាន​លើក​ឡើង​ផង​ដែរ​រួម​ទាំង​​​សម្បទាន​ដី​សេដ្ឋកិច្ច​ដែល​​យ៉ាង​ហោច​ណាស់​​​​សម្បទាន​ចំនួន​ពីរ​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ខណៈ​​អាជ្ញាប័ណ្ណ​កាស៊ីណូ​ក៏​ត្រូវ​បាន​ផ្តល់​​ទៅ​ឲ្យ​ក្រុមហ៊ុន​ Vina(HK)​ ដែល​ជា​ក្រុមហ៊ុន​មួយ​​របស់​​ភរិយា​​របស់​សមាជិក​ព្រឹទ្ធសភា គណបក្ស​ប្រជាជន​កម្ពុជា​ លី យ៉ុងផាត់ គឺ​លោកស្រី គឹម ហ៊ាង ដែល​មាន​លោកស្រី ហ៊ុន ម៉ាណា ជា​ម្ចាស់​ភាគហ៊ុន​ផង​ដែរ​។

ជា​ការ​ឆ្លើយតប​ទៅ​អង្គការ Global Witness លោកស្រី​បាន​បដិសេធ​ថា​មិន​ទទួល​បាន​អត្ថប្រយោជន៍​ពី​​ទំនាក់​ទំនង​ជាមួយ​គ្រួសារ​ត្រកូល​ ហ៊ុន ​​ទេ​។

ទោះ​យ៉ាង​ណា​ក្តី​របាយការណ៍​បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បង្ហាញ​ភ័ស្តុតាង​ថា​ពួកគេ​ត្រូវ​បាន​​ផ្តល់​ឲ្យ​​អាជ្ញាប័ណ្ណ​ និង​កិច្ចសន្យា​​ដោយ​មិន​លម្អៀង​ដោយ​​លើក​ឡើង​អំពី​ក្រម​ព្រហ្មទណ្ឌ​ និង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ដែល​នឹង​ដាក់​ទោសទណ្ឌ​ចំពោះ​ការ​​ផ្តល់​ប្រយោជន៍​មិន​យុត្តិធម៌​​ ឬ​ការ​ប្រព្រឹត្ត​អនុគ្រោះ​​ដោយ​រដ្ឋ​។
អ្នក​និពន្ធ​របាយការណ៍​នេះ​បាន​និយាយ​ថា​៖ «​ដោយសារ​តែ​អំពើ​ពុករលួយ ​និង​ការ​ខ្វះ​តម្លាភាព​​នៅ​ក្នុង​​វិស័យ​​សាធារណៈ​របស់​កម្ពុជា​នេះ​គួរ​លើក​ឡើង​ជា​បញ្ហា​ធ្ងន់ធ្ងរ​»។

Curtis S Chin អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​​ប្រចាំ​​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ថ្លែង​ថា​បើ​ទោះបី​ជា​​វា​សំខាន់​​ក្នុង​ការ​ធ្វើឲ្យ​មាន​ភាព​ខុស​គ្នា​រវាង​សកម្មភាព​ខុស​ច្បាប់​​ និង​​ការ​គ្រាន់​តែ​មាន​ «​​ភាព​​ជាប់​ទំនាក់​ទំនង​» ​របាយការណ៍​នេះ​គឺជា​ការ​ដាស់​តឿន​រំឭក​​ឲ្យ​មាន​តម្លាភាព​ជាង​មុន​។
Chin បាន​ថ្លែង​ថា​៖ «​​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​រីកចម្រើន​​នៅ​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ី​...ខ្លួន​ត្រូវ​បង្កើន​នូវ​អភិបាលកិច្ច​ដែល​មាន​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ
...

Source: https://www.postkhmer.com/

ព័ត៌មានថ្មីបំផុត
លក្ខណៈអន្តរជាតិ នៃការស្រាវជ្រាវ របស់ សម រង្ស៊ី ក្នុងវិស័យហិរញ្ញវត្ថុ
សារព័ត៌មានអន្តរជាតិ អាល់ហ្សាហ្ស៊ីរ៉ា (Al Jazeera) ទើបតែចេញផ្សាយភាពយន្តឯកសារថ្មីមួយ រៀបរាប់អំពីការធ្វើឃាតលើលោក លឹម គឹមយ៉ា និងការតាមសម្លាប់អ្នកប្រឆាំងជាច្រើននាក់ទៀត ដែលរត់គេចពីកម្ពុជា / Al Jazeera has recently released a documentary exposing the assassination of Lim Kim Ya and the killings of numerous other dissidents who fled Cambodia
លោក សម រង្ស៊ី បានពន្យល់យ៉ាងលម្អិតអំពីបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ដែលបង្កឡើងដោយបណ្តាញឧក្រិដ្ឋជន Chen Zhi ដែលមានពួកគ្រួសារត្រកូល ហ៊ុន នៅពីខាងក្រោយ
សម រង្ស៊ី សរសើរប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) ចំពោះការដឹកនាំរបស់លោក លើបញ្ហាគ្រឿងញៀនចេញពីប្រទេសវ៉េនេស៊ុយអេឡា (Venezuela) ហើយអំពាវនាវឲ្យមានសកម្មភាពបង្ក្រាបស្រដៀងគ្នា ចំពោះរបប ហ៊ុន សែន នៅកម្ពុជា / Sam Rainsy Calls on President Donald Trump to Confront Cybercrime Networks in Southeast Asia Backed by Authoritarian Regimes
ក្រុមប្រឹក្សាជាតិតស៊ូ CNRC ដែលបំពេញបេសកកម្មជា រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា សូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះការសោយទិវង្គត នៃ ព្រះមហាក្សត្រី សិរិគិត កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥
Flag Counter