ការដែល ហ៊ុន សែន ទន្ទេញកាន់តែញឹកញាប់ ពីការចង់រក្សាអំណាចមួយជីវិត បង្ហាញការកាន់តែភ័យខ្លាចរបស់គាត់ ពីការបាត់បង់អំណាចនេះ។​ / For Hun Sen to repeat again and again that he will not step down anytime soon is testimony to his increasing fears about losing power.

ចែករំលែក ៖​

២៤ មិថុនា ២០២០ / 24 June 2020 - Hun Sen, power and impunity (*)

ការដែល ហ៊ុន សែន ទន្ទេញកាន់តែញឹកញាប់ ពីការចង់រក្សាអំណាចមួយជីវិត បង្ហាញការកាន់តែភ័យខ្លាចរបស់គាត់ ពីការបាត់បង់អំណាចនេះ។

លើសពីនេះទៀត ហ៊ុន សែន ទន្ទេញពីការចង់ផ្ទេរអំណាចទៅឲ្យកូនគាត់ ពីព្រោះគាត់ដឹងថា ពេលណាគាត់ចាស់ពេកទៅ ធ្វើការលែងកើត ហើយត្រូវបាត់បង់អំណាច ពេលនោះគាត់នឹងត្រូវប្រឈមមុខតុលាការប្រជារាស្ត្រ ឬក៏តុលាការអន្តរជាតិ ដែលនឹងអូស ក គាត់យកទៅកាត់ទោស ដូច នីកូឡា ឆាវឆេស្គូ (Nicolae Ceaușescu) នៅប្រទេសរ៉ូម៉ានី (Roumanie) ក្នុងឆ្នាំ ១៩៨៩, សាដាម ហ៊ូសេន (Saddam Hussein) នៅប្រទេសអ៊ីរ៉ាក់ (Irak) ក្នុងឆ្នាំ ២០០៣ និងមូអាម៉ា ហ្គាដាហ្វី (Muammar Gaddafi) នៅប្រទេសលីប៊ី (Libye) ក្នុងឆ្នាំ ២០១១។ ជនផ្តាច់ការដ៏ល្បីល្បាញ ទាំង ៣ នាក់នេះ ត្រូវបានគេប្រហារជីវិត ដោយសារតែបទឧក្រិដ្ឋ ដែលប្រជារាស្ត្រ មិនអាចអត់ឱនឲ្យបាន។

ដោយសារតែ ហ៊ុន សែន ភ័យខ្លាចទទួលវាសនា ដូចជនផ្តាច់ការទាំង ៣ នាក់ខាងលើនេះ ទើបគាត់ទន្ទេញមិនចេះចប់ មិនចេះហើយ ថាគាត់នឹងបន្តុបកូនបង្កើតរបស់គាត់ ឲ្យមកកាន់អំណាចបន្តពីគាត់។ តាមការពិត គាត់ព្រួយបារម្ភណាស់ថា កូនគាត់នេះ មិនអាចកាន់អំណាចបន្តពីគាត់បានទេ ពីព្រោះមិនមានទាំងជំនាញ ទាំងបទពិសោធន៍ ទាំងគូកន និងទាំងចិត្តហ៊ានកាប់សម្លាប់ប្រជារាស្ត្រ និងបំផ្លាញជាតិ ដើម្បីរក្សាអំណាច ដូចខ្លួនគាត់ ជាឪពុក បានធ្វើ រយៈពេល ៣៥ ឆ្នាំកន្លងមកហើយ។

បើកូន ហ៊ុន សែន មានជំនាញដឹកនាំប្រទេសតាមរបៀបព្រៃផ្សៃ ដូច ហ៊ុន សែន ខ្លួនឯងនោះ តើហេតុអ្វីបានជាហ៊ុន សែន មិនព្រមផ្ទេរអំណាចឲ្យកូនគាត់ តាំងពីឥឡូវទៅ? ចាំដល់ណាទៀតបានផ្ទេរ? ហេតុអ្វីត្រូវចាំ?

ហ៊ុន សែន ដឹងខ្លួនថា បន្តិចទៀតនេះ គាត់នឹងចាស់រញីរញ័រ មិនអាចដឹកនាំប្រទេសបានទៀតទេ ហើយពេលនោះ គាត់ក៏មិនអាចបន្តុបកូនគាត់ ឲ្យឡើងកាន់តំណែងជំនួសគាត់បានទេ ហើយក៏មិនអាចជួយការពារអំណាចឲ្យកូនគាត់បានឡើយ។ ហ៊ុន សែន គួរយល់ថាគាត់ត្រូវតែផ្ទេរអំណាចឲ្យកូនគាត់ តាំងពីឥឡូវនេះទៅ បើចង់ឲ្យការផ្ទេរអំណាចនោះ ធ្វើទៅបាន ហើយបើចង់ឲ្យកូនគាត់ជួយការពារគាត់ កុំឲ្យគេអូស ក យកទៅកាត់ទោស ពេលដែលគាត់នៅមានជីវិត។

បើកូនគាត់មានសមត្ថភាពអាចដឹកនាំប្រទេសបានមែន គួរតែឲ្យឡើងកាន់អំណាចតាំងពីឥឡូវ ដូចនាយករដ្ឋមន្ត្រី ប្រទេសអូទ្រីស (Autriche) សព្វថ្ងៃ លោក Sebastian Kurz ដែលបានឡើងកាន់អំណាចលើកទី១ ក្នុងឆ្នាំ ២០១៧ ក្នុងវ័យ ៣០ ឆ្នាំ, ប្រធានាធិបតីបារាំងសព្វថ្ងៃ លោក Emmanuel Macron ដែលបានឡើងកាន់អំណាចក្នុងឆ្នាំ ២០១៧ ដែរ ក្នុងវ័យ ៣៩ឆ្នាំ និងនាយករដ្ឋមន្ត្រី ប្រទេស
នូវែលសេឡង់ (Nouvelle Zélande) សព្វថ្ងៃ លោកស្រី Jacinda Ardern ដែលបានឡើងកាន់អំណាចក្នុងឆ្នាំ ២០១៧ ដូចគ្នា ក្នុងវ័យ ៣៧ឆ្នាំ។

តាមការពិត ហ៊ុន សែន យល់ច្បាស់ថា មិនអាចផ្ទេរអំណាចឲ្យកូនគាត់យ៉ាងងាយៗអញ្ចឹងទេ ពីព្រោះការផ្ទេរអំណាចពីឪទៅកូន ពីកូនទៅចៅ តាមរបៀបផ្តាច់ការ ដូចនៅប្រទេសកូរ៉េខាងជើង មិនអាចធ្វើទៅរួចទេ នៅប្រទេសកម្ពុជា ហើយការផ្ទេរអំណាចពីឪទៅកូន តាមរបៀបប្រជាធិបតេយ្យ គឺតាមរយៈការបោះឆ្នោតត្រឹមត្រូវ ក៏មិនអាចទៅរួចដែរ នៅប្រទេសកម្ពុជា ដោយសារតែប្រជារាស្ត្រខ្មែរ មិនចង់ឲ្យប្រទេសកម្ពុជា ក្លាយទៅជាកម្មសិទ្ធិឯកជន របស់ត្រកូល ហ៊ុន សែន ទេ។

ការដែល ហ៊ុន សែន ទន្ទេញពីការចង់ផ្ទេរអំណាចទៅឲ្យកូនគាត់ គ្រាន់តែជាការឆ្លុះបញ្ចាំងពីការភ័យខ្លាចរបស់គាត់ ថាគាត់នឹងត្រូវប្រឈមមុខការកាត់ទោសថ្ងៃណាមួយ ពីបទឧក្រិដ្ឋរាប់មិនអស់របស់គាត់ ពីព្រោះនៅពេលដែលគាត់បាត់បង់អំណាចភ្លាម គ្មាននរណាអាចការពារគាត់បានទេ សូម្បីតែកូនគាត់បង្កើតក៏មិនអាចដែរ។ ផែនការផ្ទេរអំណាចរបស់ ហ៊ុន សែន នឹងទទួលបរាជ័យដោយគេចមិនផុត ពីព្រោះសម្បីតែនៅក្នុងជួរគណបក្សប្រជាជនកម្ពុជា ក៏គ្មាននរណាឆ្កួត ទៅគាំទ្រផែនការគ្រួសារនិយម ដ៏ឡឺកឺបែបនេះឡើយ។

ផែនការផ្ទេរអំណាច ឲ្យកូនខ្លួនឯងនេះ បង្ហាញពីការមើលងាយរបស់ ហ៊ុន សែន ចំពោះគ្រួសារ និងយុវជនខ្មែររាប់លាននាក់ ដែល ហ៊ុន សែន ចាត់ទុកថាមិនអាចស្មើកូនគាត់ទេ។

(*) The more Hun Sen says he wants to remain in power all his life the more he shows his fear of losing power, because for a criminal like him, power means impunity.

Plus Hun Sen affirme qu'il veut rester au pouvoir toute sa vie plus il montre sa peur de perdre le pouvoir, parce que pour un criminel comme lui, pouvoir signifie impunité.

ព័ត៌មានថ្មីបំផុត
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
ខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
បទសម្ភាសន៍ជាមួយលោក សម រង្ស៊ី ជុំវិញការចោទប្រកាន់អំពីជម្លោះព្រំដែន និងការទម្លាយអំពីបណ្តាញឆបោក / TFA Interview with Sam Rainsy regarding allegations of border disputes and revelations about scam networks.
Flag Counter