០៥ តុលា ២០២០ / 05 October 2020
ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិថាការវាយកម្ទេចអាគារដែលជាជំនួយរបស់សហរដ្ឋអាមេរិក បង្ហាញថាចិនបានចូលកាន់តែជ្រៅទៅក្នុងទំនាក់ទំនងផ្នែកយោធាជាមួយកម្ពុជា ដែលទំនងអាចបង្កឱ្យមានអស្ថិរភាពក្នុងតំបន់។
ចំណែកអ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយថា កម្ពុជាមានសិទ្ធិពេញលេញក្នុងការបំផ្លាញអាគារ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យ នៃទឹកដីរបស់ខ្លួន ប៉ុន្តែការសម្រេចចិត្តធ្វើបែបនេះនៅក្នុងកាលៈទេសៈនេះក៏អាចធ្វើឱ្យមានក្ដីបារម្ភពីការគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ ដែលកំពុងប្រទាញប្រទង់ដោយមហាអំណាចពិភពលោកទាំង២ គឺអាមេរិក និងចិននេះ។
ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានសរសេរសារតាមបណ្ដាញសង្គម ធ្វីតធឺ (Twitter) របស់លោក កាលពីថ្ងៃ ទី៤ ខែតុលា ម្សិលម៉ិញថា ការវាយកម្ទេចអាគារដែលជាជំនួយរបស់សហរដ្ឋអាមេរិក គឺជាសញ្ញាបង្ហាញកាន់តែច្បាស់បន្ថែមទៀត ពីទំហំនៃទំនាក់ទំនងរបស់ចិនទៅក្នុងវិស័យយោធាកម្ពុជា។
លោក សម រង្ស៊ី សរសេរបន្តថាទំនាក់ទំនងបែបបនេះកំពុងរំលោភទៅលើរដ្ឋធម្មនុញ្ញកម្ពុជា និងបង្កគ្រោះថ្នាក់ដល់ស្ថិរភាពក្នុងតំបន់។
ការបង្ហោះសាររបស់លោក សម រង្ស៊ីនេះគឺភា្លមៗបន្ទាប់ពីមានការទម្លាយព័ត៌មានថា អគារនៅមូលដ្ឋានកងទ័ពជើងទឹករាម ដែលជាជំនួយរបស់សហរដ្ឋអាមេរិក ត្រូវបានវាយកម្ទេចចោល។
គំនិតផ្តួចផ្តើមតម្លាភាពលំហសមុទ្រអាស៊ី (Asia Maritime Transparency Initiative) នៃមជ្ឈមណ្ឌលសិក្សាអំពីយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ (Center for International and Strategic Studies - CSIS) ដែលមានមូលដ្ឋាន នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានបង្ហាញរូបថតតាមប្រព័ន្ធផ្កាយរណប កាលពីថ្ងៃទី២ ខែតុលា ថា អគារមួយនោះអាចត្រូវវាយកម្ទេចរវាងថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែកញ្ញា។
Source: https://www.rfa.org/.../Opposition-chief-Rainsy...
