ត្រូវប្រកាសភាពអាសន្ន នៅកម្ពុជា!

ចែករំលែក ៖​

០៩ ធ្នូ ២០២០ / 09 December 2020

ត្រូវប្រកាសភាពអាសន្ន នៅកម្ពុជា!

មិនមែនដោយសារការរាតត្បាត ជំងឺកូវីដ-១៩ ទេ

តែដោយសាររបៀបគ្រប់គ្រងការរាតត្បាតជំងឺនេះ ពី ហ៊ុន សែន

វាបញ្ច្រាសទិសតែម្តង ហើយវាអាចបណ្តាលឲ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតប្រជាពលរដ្ឋ។

ហ៊ុន សែន បានបង្ហាញច្រើនដងមកហើយ អំពីកម្រិតយល់ដឹងដ៏ទាបរបស់គាត់ និងស្មារតីមិនទទួលខុសត្រូវរបស់គាត់។

- កាលពីឆ្នាំ ២០១៧ ហ៊ុន សែន បានប្រកាសថា បញ្ហាជាតិគីមី នៅក្នុងចំណីអាហារ ដែលដាក់លក់នៅទីផ្សារ ហើយដែលបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ គឺមិនមែនជាបញ្ហារបស់គាត់ទេ តែជាបញ្ហារបស់ប្រជាពលរដ្ឋខ្លួនឯង ដែលត្រូវជ្រើសរើសចំណីអាហារដោយខ្លួនឯង ("បើមានជាតិគីមី កុំទិញ!")។ សូមចូលមើល ៖ https://youtu.be/q0xNNkwyB8I

- កាលពីដើមឆ្នាំ ២០២០ នេះ ហ៊ុន សែន បានទស្សន៍ទាយយ៉ាងងងើលថា ជំងឺកូវីដ-១៩ មិនអាចរាលដាល ដល់ប្រទេសកម្ពុជាទេ ទាល់តែចាំដល់ថ្ងៃ ៣១ កុម្ភៈ! (គឺចាំដល់ពេលសេះដុះស្នែង!) សូមចូលមើល ៖ https://youtu.be/HXseLg_YGJI ។ លើសពីនេះទៀត ហ៊ុន សែន បានគំរាមមនុស្សដែលនៅជុំវិញគាត់ ដោយបង្ខំឲ្យគេយកគម្រូតាមគាត់ ដោយមិនពាក់ម៉ាស់ ពេលដែលមានជំងឺកូវីដ-១៩ កំពុងរាតត្បាត។ គាត់មិនជឿថាម៉ាស់ អាចការពារខ្លួនយើង និងអ្នកដទៃ ពីមេរោគកូរ៉ូណាវីរុសឡើយ។ សូមចូលមើល ៖ https://youtu.be/hnbgqsS66js

- ចុងក្រោយនេះ បន្ទាប់ពីខ្ញុំ សម រង្ស៊ី បានលើកឡើងពីការចាំបាច់ រកវ៉ាក់សាំង ចាក់ការពារប្រជាពលរដ្ឋខ្មែរ ពីជំងឺកូវីដ-១៩ ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីថ្ងៃ ០៤ ធ្នូ ២០២០ ស្រាប់តែ ៣ ថ្ងៃក្រោយមក គឺថ្ងៃ ០៧ ធ្នូ ហ៊ុន សែន ភ្ញាក់ស្រវេស្រវា បញ្ជាឲ្យគេទិញវ៉ាក់សាំងឲ្យបានច្រើន ហើយនាំវ៉ាក់សាំងទាំងនោះ មកប្រទេសកម្ពុជាឲ្យបានឆាប់។

របៀបធ្វើការ ចរិត និងភាសា របស់ ហ៊ុន សែន បង្ហាញឲ្យឃើញពីភាពអវិជ្ជា ល្ងង់ខ្លៅ និងពីស្មារតីមិនទទួលខុសត្រូវ របស់គាត់ ដែលគាត់ធ្វើអ្វីៗដូចកូនក្មេង។ គាត់នឹកស្មានថា ការទិញវ៉ាក់សាំង យកមកចាក់ការពារពីជំងឺកូវីដ-១៩ នៅពេលនេះ គឺដូចជាការទិញស្ករគ្រាប់ យកមកបាចឲ្យកូនក្មេង ឬឲ្យមនុស្សដែលមានកម្រិតវប្បធម៌ជាកូនក្មេងដូចគាត់។

ហ៊ុន សែន គ្មានយល់អ្វីទាល់តែសោះ ពីការស្រាវជ្រាវ ការសាកល្បង ការប្រើប្រាស់ និងការតាមដានវ៉ាក់សាំង ដើម្បីវាស់វែងពីប្រសិទ្ធភាព និងសុវត្ថិភាពរបស់វ៉ាក់សាំងនីមួយៗ ហើយគាត់ក៏មិនដឹងដែរថា ប្រទេសដែលប្រមូលទិញបានវ៉ាក់សាំង ច្រើនជាងគេ និងឆាប់ជាងគេ គឺជាប្រទេស ដែលបានឧបត្ថម្ភការស្រាវជ្រាវរកវ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ នេះ ជិតមួយឆ្នាំមកហើយ ហើយគេបានកក់ប្រាក់ ឲ្យក្រុមហ៊ុនឱសថ និងមន្ទីរពិសោធន៍ រាប់ពាន់លានដុល្លាររួចមកហើយ។ ប្រទេសទាំងនោះ មានជាអាទិ៍ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេស ២៧ នៃសហភាពអឺរ៉ុប។ ប្រទេសទាំងនោះហើយ ដែលបានចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំងទាំងនោះ មុនគេ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋរបស់គេ។

យើងឃើញថា ក្នុងវិស័យវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ នេះ ប្រទេសរុស្ស៊ី និងប្រទេសចិន ស្ថិតនៅពីក្រោយ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប ឆ្ងាយណាស់។ វ៉ាក់សាំងដែលគេកំពុងតែយកមកប្រើប្រាស់មុនគេ ជាសាកល គឺផលិតដោយក្រុមហ៊ុនឱសថ ដែលមានទីតាំងនៅសហរដ្ឋអាមេរិក (Pfizer/BioNTech) និងនៅចក្រភពអង់គ្លេស (AstraZeneca)

ឥឡូវនេះ ហ៊ុន សែន គ្មានចេះអ្វី ក្រៅពីប្រមូលលុយ ដោយអះអាងថាយកលុយដែលប្រមូលបាន ទៅទិញវ៉ាក់សាំង តែបើយើងសួរគាត់ថា ចង់ទិញវ៉ាក់សាំងណាមួយ ពីប្រទេសណា ក្នុងតម្លៃប៉ុន្មាន តាមលក្ខខណ្ឌយ៉ាងដូចម្តេច ហើយមានលទ្ធភាពជាក់ស្តែងក្នុងការទិញនេះ ដល់កម្រិតណា គាត់ច្បាស់ជាឆ្លើយមិនរួចទេ។

ម្យ៉ាងវិញទៀត ការប្រមូលលុយតាមរបៀប ហ៊ុន សែន គឺគ្រាន់តែចិញ្ចឹមអំពើពុករលួយតែប៉ុណ្ណោះ ដើម្បីបម្រើផលប្រយោជន៍ក្រុមគ្រួសារគាត់ និងបក្ខពួកគាត់។ របប ហ៊ុន សែន សព្វថ្ងៃ មិនគួរកាត់ប្រាក់ខែមន្ត្រីរាជការ ឬបង្ខំឲ្យប្រជាពលរដ្ឋ បរិច្ចាគប្រាក់ចិញ្ចឹមជីវិត ពីព្រោះថវិកាដែលប្រមូលបានតាមរបៀបនេះ គឺគ្មានអ្វីធានា ថាយកទៅប្រើប្រាស់ ឲ្យមានប្រយោជន៍ពិតប្រាកដនោះឡើយ។ ផ្ទុយទៅវិញ បើទិញវ៉ាក់សាំង ដោយមិនបានពិនិត្យត្រឹមត្រូវ ហើយចាញ់បោកគេ ឬគ្រាន់តែដើម្បីប្រព្រឹត្តអំពើពុករលួយ វាអាចនាំមកនូវគ្រោះថ្នាក់ដល់អាយុជីវិត ចំពោះប្រជាពលរដ្ឋ។

ក្នុងពិភពលោក ពេលនេះ មានតែប្រទេសកម្ពុជាមួយគត់ ដែលមានមេដឹកនាំល្ងង់ខ្លៅ អសមត្ថភាព និងពុករលួយ ដូច ហ៊ុន សែន និងបក្ខពួកគាត់ ដែលដើររៃអង្គាសលុយ ពីប្រជាពលរដ្ឋ ដោយអះអាងថា ដើម្បីយកទៅទិញវ៉ាក់សាំង។ នៅស្រុកគេ ប្រព័ន្ធសុខាភិបាលគេ ដំណើរការត្រឹមត្រូវ ហើយគេគ្រប់គ្រងសុខភាពប្រជាពលរដ្ឋគេ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ដោយមិនចាំបាច់ទៅសុំទាននរណាឡើយ។

 

Flag Counter