ប្រតិកម្មពីសហគមន៍អ្នកវិទ្យាសាស្ត្រ ឆ្លើយតបទៅនឹងសំណើលោក សម រង្ស៊ី ក្នុងបំណងទប់ស្កាត់ជំងឺ កូវីដ-១៩ / Reaction from the scientific community to Sam Rainsy's proposal aimed at containing COVID-19 (*)

ចែករំលែក ៖​

០៧ មេសា ២០២០ / 07 April 2020

ប្រតិកម្មពីសហគមន៍អ្នកវិទ្យាសាស្ត្រ ឆ្លើយតបទៅនឹងសំណើលោក សម រង្ស៊ី ក្នុងបំណងទប់ស្កាត់ជំងឺ កូវីដ-១៩
Reaction from the scientific community to Sam Rainsy's proposal aimed at containing COVID-19 (*)

ចម្លើយ ដែលលោក សម រង្ស៊ី ទើបតែបានទទួលពីលោកវេជ្ជបណ្ឌិត Dr Heather L. Heine ដែលជាអ្នកស្រាវជ្រាវថ្នាក់បណ្ឌិត PHD និងជាអ្នកគ្រប់គ្រងមន្ទីរពិសោធន៍មួយ ស្រាវជ្រាវ និងផលិតថ្នាំពេទ្យ នៅសហរដ្ឋអាមេរិក ៖

"ខ្ញុំបានអានរួចហើយ នូវអត្ថបទគួរឲ្យចាប់អារម្មណ៍ ដែលលោកបានសរសេរ ហើយខ្ញុំយល់ស្របអំពីទស្សនៈដ៏ត្រឹមត្រូវរបស់លោក។ សូមអរគុណ ចំពោះវិភាគទានដ៏ថ្លៃថ្លារបស់លោក។ ពិភពលោកទាំងមូល ត្រូវការការខំប្រឹងប្រែងបែបនេះ ហើយខ្ញុំយល់ស្របថា នេះជាមធ្យោបាយ ដែលមានប្រសិទ្ធភាពជាទីបំផុត ដើម្បីជួយស្រោចស្រង់មនុស្សយ៉ាងច្រើនជាទីបំផុត។ ក្នុងឋានៈខ្ញុំជាអ្នកគ្រប់គ្រងមន្ទីរពិសោធន៍មួយ នៅទីក្រុង Detroit, រដ្ឋ Michigan, សហរដ្ឋអាមេរិក ខ្ញុំកំពុងតែពិភាក្សាជាមួយអ្នកវិទ្យាសាស្ត្រមួយចំនួនទៀត ដើម្បីស្វែងរកសារជាតិប្រតិកម្ម (Reagents) ដែលយើងត្រូវការ ដើម្បីជម្រុញឲ្យកាន់តែឆាប់ នូវការផលិតឧបករណ៍ធ្វើតេស្ត ទាក់ទងមេរោគកូរ៉ូណា ហើយដើម្បីឲ្យឧបករណ៍ទាំងនេះ ទទួលបានការអនុញ្ញាតិពីភ្នាក់ងារត្រួតពិនិត្យចំណីអាហារ និងថ្នាំពេទ្យ (FDA) នៅសហរដ្ឋអាមេរិក។ ខ្ញុំនឹងខិតខំ ចាប់ផ្តើមអនុវត្តវិធីធ្វើតេស្តរកអង្គបដិបក្ខ (Antibodies) នៅក្នុងឈាម ពេលណាយើងទទួលបាននូវសារជាតិប្រតិកម្ម (Reagents) ទាំងនោះ។ ខ្ញុំយល់ស្របថាយើងត្រូវតែជម្រុញរដ្ឋាភិបាលនានា ឲ្យតម្រង់ទិសទៅតាមអ្វីដែលយើងកំពុងតែធ្វើ ឲ្យបានកាន់តែឆាប់ កាន់តែល្អ។ សូមកោតសរសើរលោក ចំពោះការខិតខំប្រឹងប្រែងរបស់លោក ក្នុងន័យនេះ។"

សូមរំលឹក ជាសង្ខេប ពីគំនិត ដែលលោក សម រង្ស៊ី បានផ្តួចផ្តើមមុនគេបង្អស់ ដើម្បីបញ្ចៀសការជាប់គាំងសេដ្ឋកិច្ចពិភពលោក ក្នុងគ្រាដែលត្រូវទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩

គំនិតរបស់លោក សម រង្ស៊ី គឺមើលសំដៅទៅទិដ្ឋភាពម្ខាងទៀត នៃការរាតត្បាតជំងឺ កូវីដ-១៩ មានន័យថា មើលសំដៅទៅមនុស្សជាច្រើន ដែលមិនអាចធ្លាក់ខ្លួនឈឺដោយជំងឺនេះទេ ពីព្រោះបានជួបមេរោគកូរ៉ូណារួចម្តងហើយ ដោយគ្មានបង្ហាញរោគសញ្ញា ហើយបានកម្ចាត់មេរោគនេះអស់ហើយ ដោយមិនដឹងខ្លួន។ មនុស្សប្រភេទនេះ គេហៅថាសុាំ ឬ immunized ជាភាសាអង់គ្លេស។ មនុស្សសុាំ ដោយមិនដឹងខ្លួនបែបនេះ មានចំនួនកាន់តែច្រើនឡើងៗ ទោះជាមិនទាន់មានថ្នាំវ៉ាក់សាំង (vaccin) ចាក់បង្ការ ក៏ដោយ។ ដូច្នេះ យើងត្រូវតែសម្គាល់ផ្នែកប្រជាពលរដ្ឋ ដែលស៊ាំហើយនេះ តាមរយៈការធ្វើតេស្ត ចាក់យកឈាម ដើម្បីពិនិត្យមើលថា តើក្នុងឈាមម្នាក់ៗ មានសារជាតិអង្គបដិបក្ខ (antibodies) ដែលជាសារជាតិបញ្ចេញដោយខ្លួនប្រាណយើងដោយខ្លួនឯង ដើម្បីទប់ទល់ជំងឺ កូវីដ-១៩ នេះ ហើយឬនៅ។ បើយើងបានប្រឈមមេរោគកូរ៉ូណារួចម្តងហើយ ដោយដឹងខ្លួនក្តី ឬមិនដឹងខ្លួនក្តី ដោយមានរោគសញ្ញាក្តី ឬគ្មានរោគសញ្ញាក្តី តែបើសុខភាពនៅតែល្អរឹងមាំ ឬបានវិលត្រឡប់មកធម្មតាវិញហើយ មានន័យថាយើងមានសារជាតិអង្គបដិបក្ខ (antibodies) នេះហើយក្នុងឈាមយើង ដែលការពារខ្លួនយើង មិនឲ្យធ្លាក់ខ្លួនឈឺទៀតបានឡើយ។ យើងត្រូវតែសម្គាល់ផ្នែកប្រជាពលរដ្ឋ ដែលសុាំនេះ ពីព្រោះជាផ្នែកប្រជាពលរដ្ឋ ដែលអាចចេញទៅរស់នៅធម្មតាដូចដើមវិញ ដោយគ្មានបង្កហានិភ័យ ឲ្យខ្លួនឯង ឬឲ្យអ្នកដទៃឡើយ។ ជាពិសេស អ្នកសុាំទាំងនោះ អាចចូលធ្វើការវិញជាធម្មតា ដើម្បីទ្រទ្រង់ជីវភាពខ្លួនឯងផង និងសេដ្ឋកិច្ចប្រទេសខ្លួនផង។ សូមបញ្ជាក់ថា តេស្តរកមេរោគកូរ៉ូណា (virological test) ដែលធ្វើដោយយកសំណាកពីច្រមុះ ឬបំពង់ក វាខុសពីតេស្តរក អង្គបដិបក្ខ ឬ antibodies (serological test) តាមរយៈការពិនិត្យឈាម។

ដើម្បីអានអត្ថបទទាំងស្រុង របស់លោក សម រង្ស៊ី សូមចុច ៖
- ជាភាសាអង់គ្លេស https://thegeopolitics.com/how-to-prevent-covid-19-from-pa…/
- ជាភាសាបារាំង https://rainsysam.com/post/550

(*) Reaction from the scientific community to Sam Rainsy's proposal aimed at containing COVID-19

Message to Sam Rainsy from Dr Heather L. Heine MD PhD, CEO :
"I have read your very compelling articles and I agree you are correct. Thank you for your excellent contribution. This effort is urgently needed worldwide (...) and I agree that it will be the most efficient way to help the most people. (As CEO of a laboratory in Detroit, Michigan, USA) I'm in discussions with some other scientists now about how we can get access to the reagents needed to accelerate these efforts towards SARS-CoV-2 viral RNA testing (while) meeting the US FDA specific requirements. I am now trying to ensure we will be able to begin the serological testing for the antibodies as soon as we can get (those) appropriate reagents, and I agree we must get governments moving in this direction as soon as possible. Bravo on your obvious efforts to do that! "

ព័ត៌មានថ្មីបំផុត
បទសម្ភាសន៍៖​ ហេតុអ្វី​រដ្ឋាភិបាល​ព្រមាន​រំលាយ​គណបក្ស​ប្រឆាំង ក្រោយ​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian?​ / Interview: Why did the government threaten to dissolve the opposition party following the publication by the Indian newspaper THE SUNDAY GUARDIAN?
សេចក្តីប្រកាសអំពីការបោះពុម្ពផ្សាយសៀវភៅ វាយតម្លៃហិរញ្ញវត្ថុ The Unfolding Bloom Energy Story: Behind a 1,200% Stock Price Rally in Twelve Months (June 2025–June 2026) / BOOK ANNOUNCEMENT – July 2026
ផ្នែកងងឹតនៃប្រាក់បញ្ញើពីក្រៅប្រទេស៖ កម្ពុជា មីយ៉ាន់ម៉ា / The Dark Side of Remittances: Eritrea, Cambodia, Myanmar
យោងតាមច្បាប់សហរដ្ឋអាមេរិក ស្តីពីការផ្តល់សញ្ជាតិ និងដកហូតសញ្ជាតិ រដ្ឋាភិបាលសហរដ្ឋអាមេរិក អាចដកហូតសញ្ជាតិ ពីមន្ត្រី ពីសមាជិក និងពីអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានទទួលសញ្ជាតិអាមេរិកាំង ជាសញ្ជាតិទី២
ហេតុអ្វីត្រូវផ្តួលរំលំ ត្រកូល ហ៊ុន ចេញពីអំណាច?
Flag Counter