២១ មេសា ២០២០ / 21 April 2020
ដោយសារតែបងប្អូនជនរួមជាតិ និងក្មួយៗ បានចាប់អារម្មណ៍ពីនាឡិកាដដែល ដែលខ្ញុំបានពាក់តាំងពីយូរឆ្នាំមកហើយ ខ្ញុំសូមនិយាយរឿងមួយទាក់ទងនឹងនាឡិកា ដែលបានកើតឡើងជាង ២០ ឆ្នាំមកហើយ ជូនបងប្អូននិងក្មួយៗស្តាប់។
កាលពីឆ្នាំ ១៩៩៣-១៩៩៤ ខ្ញុំធ្វើជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីក្រុងភ្នំពេញ ហើយខ្ញុំតែងតែប្រជុំរៀងរាល់ខែ ជាមួយមេគយ មកពីស្នាក់ការកណ្តាល និងពីការិយាល័យគ្រប់ច្រកព្រំដែន ទូទាំងប្រទេស។ ពួកអស់លោកមេគយទាំងនោះ គេរកលុយបានច្រើនណាស់ ហើយគេចូលចិត្តបង្ហាញពីវត្ថុដ៏មានតម្លៃ ដែលគេពាក់លើខ្លួនគេ។
ថ្ងៃមួយ មុនចាប់ផ្តើមកិច្ចប្រជុំ ពួកមេគយទាំងនោះ ប្រមាណ ២០ នាក់ គេដាក់ដៃគេទាំងពីរលើតុ ដែលបង្ហាញពីនាឡិកាប្រណីតធ្វើពីមាសដាំពេជ្រ ខ្សែដៃក្រាស់មាសសុទ្ធ និងចិញ្ជៀនមាសដាំត្បូងថែមទៀតដ៏ព្រោងព្រាត របស់ពួកគេ។
មួយសន្ទុះក្រោយមក ខ្ញុំចាប់ផ្តើមនិយាយ ហើយខ្ញុំក៏បានដាក់ដៃខ្ញុំលើតុដែរ។ នៅលើខ្លួននិងដៃ ខ្ញុំគ្មានពាក់គ្រឿងអលង្កាអ្វីទេ មានតែនាឡិកាជ័រ ពណ៌ខ្មៅមួយ ដូចនាឡិកាដែលខ្ញុំពាក់មកដល់សព្វថ្ងៃ។ នៅពេលដែលពួកមេគយទាំងនោះ ឃើញនាឡិកាដ៏សាមញ្ញរបស់ខ្ញុំ ស្រាប់តែពួកគេដកដៃគេពីលើតុ យកទៅដាក់ក្រោមតុព្រមគ្នា ពីព្រោះខ្លាចខ្មាសលោករដ្ឋមន្ត្រី។