ប្រទេសកម្ពុជា ជាប្រទេសកសិកម្ម ដែលប្រជាពលរដ្ឋជាង ៧០ ភាគរយ រស់ដោយការធ្វើស្រែចំការ។ បើនយោបាយកសិកម្ម ដឹកនាំដោយរដ្ឋាភិបាល ទទួលបានជោគជ័យ នោះសេដ្ឋកិច្ចទាំងមូល ក៏មានការរីកចម្រើនយ៉ាងពិតប្រាកដ។ តែបើនយោបាយកសិកម្ម ទទួលបរាជ័យ នោះសេដ្ឋកិច្ចទាំងមូល ក៏មានភាពអន់ថយ ហើយប្រជាពលរដ្ឋភាគច្រើនលើសលប់ ក៏មានជីវភាពរស់នៅយ៉ាងដុនដាប។
ដប់ ម្ភៃ ឆ្នាំចុងក្រោយនេះ នយោបាយកសិកម្ម របស់រដ្ឋាភិបាល ទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ ដែលបញ្ជាក់ដោយបាតុភូតដូចតទៅ ៖
១- ជីវភាពកសិករ រាប់លាននាក់ ទូទាំងប្រទេស ធ្លាក់ចុះ គួរឲ្យកត់សម្គាល់ ហើយភាពក្រីក្រ នៅតាមជនបទ នៅតែយ៉ាប់យ៉ឺន។
២- ផលិតផលកសិកម្មនៃប្រទេសកម្ពុជា មិនអាចប្រកួតប្រជែងជាមួយ ផលិតផលប្រទេសជិតខាង ទាំងលើទីផ្សារជាតិ និងទីផ្សារអន្តរជាតិ។ សភាពការណ៍បែបនេះ ធ្វើឲ្យជញ្ជីងពាណិជ្ជកម្មនៃប្រទេសយើង មានឱនភាពកាន់តែធំឡើងៗ។
៣- ផលដំណាំ ដែលប្រជាកសិករ ប្រមូលបានម្តងៗ ពិបាករកទីផ្សារ ហើយតម្រូវឲ្យកសិករ លក់កសិផលទាំងនោះ ក្នុងតម្លៃទាបបំផុត គឺខាតដើម។
៤- ប្រជាកសិករខ្មែរ ជំពាក់បំណុលស្ថាប័នមីក្រូហិរញ្ញវត្ថុ និងម្ចាស់បំណុលដទៃទៀត កាន់តែច្រើនឡើងៗ រហូតដល់ "វ័ណ្ឌក" ហើយក្លាយទៅជាទាសករហិរញ្ញវត្ថុ។
៥- ក្នុងភាពអស់សង្ឃឹម និងដោយសារតែគ្មានជម្រើស កសិករខ្មែររាប់សែននាក់ ចូលដល់ជាងមួយលាននាក់ហើយ ទាំងប្រុសទាំងស្រី ទាំងក្មេងទាំងចាស់ បង្ខំចិត្តចំណាកស្រុក ទៅស៊ីឈ្នួលគេ នៅប្រទេសជិតខាង ដើម្បីជៀសវាងការដាច់ពោះស្លាប់ ហើយខិតខំរកលុយបង់ការប្រាក់ឲ្យម្ចាស់បំណុល នៅប្រទេសកម្ពុជា។ ក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា មិនដែលមានបាតុភូតគួរឲ្យឈឺចាប់បែបនេះទេ កាលពីសម័យមុនៗ។
ប្រទេសកម្ពុជាពេលនេះ អាចមានជម្រើសពីរយ៉ាង ក្នុងការគ្រប់គ្រងវិស័យកសិកម្ម ៖
- ជម្រើសទី ១ គឺ នយោបាយកសិកម្ម របស់រដ្ឋាភិបាលលោក ហ៊ុន សែន ដូចដែលយើងបានឃើញមកដល់សព្វថ្ងៃ ហើយដែលមានចំណុចសំខាន់ដូចតទៅ ៖
១- រំពឹងតែលើក្រុមហ៊ុនឯកជនធំៗ ជាពិសេសក្រុមហ៊ុនបរទេស ឲ្យគេរៀបចំជាកសិដ្ឋានធំៗ នីមួយៗរាប់ម៉ឺនហិកតា ដោយរឹបអូសយកដីធ្លីពីកសិករតូចតាច ឬជម្លៀសប្រជាពលរដ្ឋ ចេញពីតំបន់ដែលប្រគល់ឲ្យក្រុមហ៊ុនឯកជនគ្រប់គ្រង។
២- ព្រលែងកសិករតូចតាចចោល ឲ្យក្លាយទៅជាជនអនាថា ឬជាអ្នកដើរសុំទាន ចំពោះអ្នកដែលបាត់បង់ដីធ្លី និងផ្ទះសម្បែងរបស់ខ្លួន។ យ៉ាងច្រើនណាស់ គេធ្វើឲ្យកសិករតូចតាចទាំងនោះ ដែលធ្លាប់ធ្វើជាម្ចាស់ដីធ្លី ម្ចាស់កម្មសិទ្ធិ និងម្ចាស់វាសនារបស់ខ្លួន ក្លាយទៅជាពលករដៃទទេរ ស៊ីឈ្នួលក្រុមហ៊ុនធំៗ ដែលជញ្ជក់ញើសឈាមបុគ្គលិករបស់គេតាមតែអំពើចិត្ត ដូចក្នុងសម័យសក្តិភូមិ។
៣- បណ្តោយឲ្យក្រុមហ៊ុនឯកជនធំៗទាំងនោះ ធ្វើអាជីវកម្មលើធនធានធម្មជាតិ របស់ប្រទេសជាតិយើង ដោយបំផ្លាញបរិស្ថាន ជាពិសេស ដោយកាប់បំផ្លាញព្រៃឈើ ក្នុងទ្រង់ទ្រាយធំជាមហន្តរាយ ដែលបាតុភូតបែបនេះ មិនដែលមានទាល់តែសោះ កាលពីសម័យមុនៗ។
៤- បណ្តោយឲ្យក្រុមហ៊ុនឯកជនធំៗទាំងនោះ មិនមានសកម្មភាពអ្វី ក្រៅតែពីការជួញដូរដីធ្លីដែលប្លន់ពីប្រជារាស្ត្រ និងលក់ទ្រព្យសម្បតិធម្មជាតិ របស់ប្រទេសជាតិ (ដូចជាឈើ រ៉ែ ថ្ម ខ្សាច់ -ល-) ហើយប្រមូលប្រាក់ចំណេញយ៉ាងច្រើនលើសលប់ ដែលគេចែករំលែក ជាសំណូកសូកប៉ាន់ឲ្យទៅថ្នាក់ដឹកនាំពុករលួយ ពីលើដល់ក្រោម។ ដូច្នេះ គេបណ្តោយឲ្យក្រុមហ៊ុនឯកជនធំៗទាំងនោះ ភូតកុហកតាមចិត្ត ដោយធ្វើសកម្មភាព ផ្ទុយស្រឡះពីអ្វីដែលមានចែង ក្នុងកិច្ចសន្យាពីដើមទី គឺសន្យាអនុវត្ត "គម្រោងវិនិយោគធ្វើឲ្យកសិកម្មរីកចម្រើន"។
៥- ព្រងើយកន្តើយ ចំពោះកម្រិតផលិតភាពដ៏ទាបបំផុត នៃកសិកម្មជាតិ ហើយក៏មិនរវីរវល់ទាល់តែសោះ ចំពោះលទ្ធភាព នៃការប្រកួតប្រជែងកសិផលជាតិ ជាមួយនឹងកសិផល ដែលនាំចូលមកពីប្រទេសជិតខាង។
- ជម្រើសទី ២ គឺ នយោបាយកសិកម្ម របស់រដ្ឋាភិបាលថ្មី ក្រោយឆ្នាំ ២០១៨ ដែលមានចំណុចសំខាន់ដូចតទៅ ៖
១- រំពឹងលើ ហើយឲ្យតម្លៃទៅ កសិករតូចតាច ដែលប្រកបមុខរបរកសិកម្ម ក្នុងលក្ខណៈគ្រួសារ។
២- លើកទឹកចិត្តកសិករតូចតាច ហើយផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ឲ្យទៅកសិករទាំងនោះ ដើម្បីឲ្យពួកគាត់អាចប្រកបមុខរបរកសិកម្ម ក្នុងលក្ខណៈគ្រួសារ ដោយទទួលបានកម្រៃគ្រប់គ្រាន់ ដើម្បីរស់បានយ៉ាងសម្បូរសប្បាយ និងថ្លៃថ្នូរ ដូចកាលពីសម័យសង្គមរាស្ត្រនិយម ដឹកនាំដោយ សម្តេចព្រះនរោត្តម សីហនុ កាលពីមុនឆ្នាំ ១៩៧០។
៣- ប្រគល់សងដីធ្លី ជូនប្រជាកសិករតូចតាច ដែលជាម្ចាស់ដើម និងម្ចាស់ពិត នៃដីធ្លីទាំងឡាយ ដែលពួកគាត់បានបាត់បង់ ហើយបញ្ឈប់សកម្មភាពឧក្រិដ្ឋរបស់ក្រុមហ៊ុនឯកជន ក្នុងការកាប់បំផ្លាញព្រៃឈើ វាយភ្នំ និងបូមខ្សាច់។
៤- លុបចោលរាល់កិច្ចសន្យាស្តីពីសម្បទានដីធ្លី ទ្រង់ទ្រាយធំ មានរយៈពេល រហូតដល់ទៅ ៩៩ ឆ្នាំ ហើយរៀបចំមូលដ្ឋានច្បាប់ មូលដ្ឋានបច្ចេកទេស និងមូលដ្ឋានហិរញ្ញវត្ថុ ដើម្បីកំណត់ និងអនុវត្តនយោបាយកសិកម្មថ្មីមួយ ដែលការពារកសិករខ្មែរ លើកស្ទួយជីវភាពប្រជារាស្ត្រ និងបម្រើផលប្រយោជន៍ជាតិយ៉ាងពិតប្រាកដ។
៥- ចាត់វិធានការជាក់ស្តែង ដើម្បីលើកកម្ពស់ ផលិតភាពនៃកសិកម្មជាតិ ហើយពង្រឹងលទ្ធភាព នៃកសិផលជាតិ ក្នុងការប្រកួតប្រជែងជាមួយ កសិផលប្រទេសជិតខាង។ រៀបចំទីផ្សារ និងយន្តការពាណិជ្ជកម្ម ដើម្បីឲ្យកសិករខ្មែរ អាចលក់ផលដំណាំដែលប្រមូលបាន ក្នុងតម្លៃខ្ពស់សមរម្យ ហើយផ្តល់អាទិភាព ទៅឲ្យគ្រឿងឧបភោគ បរិភោគ ដែលផលិត នៅលើទឹកដីប្រទេសកម្ពុជា។ មានតែធ្វើបែបនេះទេ ទើបយើងអាចជួយរំដោះកសិករក្រីក្រ ពីបំណុលដ៏ធ្ងន់ធ្ងររបស់ពួកគាត់ ហើយជួយលើកទឹកចិត្តពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃសព្វថ្ងៃ ឲ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញ។
វិធានការ ដើម្បីលើកកម្ពស់ផលិតភាពកសិកម្មខ្មែរ ព្រមទាំងលទ្ធភាពក្នុងការប្រកួតប្រជែង ជាមួយប្រទេសជិតខាង មានដូចតទៅ ៖
- ចែកចាយដីធ្លីឲ្យកសិករជាទូទៅ ធានាឲ្យគ្រួសារនីមួយៗមានដីស្រែ ឬដីចំការគ្រប់គ្រាន់ដើម្បីចិញ្ចឹមជីវិត។
- រៀបចំប្រព័ន្ធធារាសាស្ដ្រ ឲ្យមានបណ្តាញចែកចាយទឹក ទាំងខ្នាតធំ ទាំងខ្នាតតូច ប្រកបដោយគុណភាព និងប្រសិទ្ធភាព។
- រៀបចំប្រព័ន្ធហិរញ្ញវត្ថុពិសេសមួយ ដើម្បីផ្តល់ទុនឲ្យកសិករខ្ចី ដោយយកការប្រាក់ទាបបំផុត។
- រៀបចំមជ្ឈមណ្ឌលបច្ចេកទេសកសិកម្ម ដើម្បីស្រាវជ្រាវ ពិសោធ វាយតម្លៃ និងណែនាំកសិករក្នុងការអនុវត្តន៍បច្ចេកទេសទំនើបបំផុត។
- លើកទឹកចិត្តកសិករម្នាក់ៗ ឲ្យចងក្រងជាសហគមន៍កសិកម្ម តាមតំបន់នីមួយៗ ដើម្បីចែករំលែកបទពិសោធន៍ និងតម្លើងកម្លាំងរួមក្នុងការចរចារពាណិជ្ជកម្ម។
- រៀបចំទីផ្សារឲ្យកសិករ ដើម្បីធានារាល់ឆ្នាំនូវតម្លៃកសិផលគ្រប់ប្រភេទ។
- រៀបចំបណ្តាញគមនាគមន៍ ឲ្យបានល្អប្រសើរ ដើម្បីងាយស្រូលដឹកជញ្ជូន កសិផល ឲ្យបានឆាប់និងធូរថ្លៃ ពីស្រែចំការកសិករ ទៅដល់ទីផ្សារ។
ដើម្បីទទួលបានការពន្យល់បន្ថែម សូមចូលមើល http://tinyurl.com/z8v3cmf
(*) CAMBODIA NEEDS A NEW AGRICULTURAL POLICY
The current agricultural policy of the Hun Sen government has proved to be a disaster as evidenced by the persistent -- if not worsening -- poverty in the countryside, extremely low selling prices for local farm products that have been making more and more farmers bankrupt, unprecedented level of farmer indebtedness and their massive emigration to Thailand in order to survive. Such a policy, which is based on corruption and neglect, is characterized by land grabbing and a heavy reliance on big private companies which are granted large land concessions supposed to "spearhead rural development" but which are in fact involved mainly in deforestation and land speculation.
After a democratic change in 2018 a new agricultural policy will be implemented which will be characterized by the defense of small and independent farmers and the preservation of natural resources and the environment. Those big land concessions to shady private companies will be terminated and land given back to traditional and independent farmers. The new policy will aim at improving the sector's productivity and strengthening international competitiveness for Cambodian farm products.
It is fundamental to understand that an increase in agricultural productivity is key to poverty reduction in Cambodia’s countryside. Seven concrete measures will be implemented: Land reform and redistribution; small-scale, widespread and effective irrigation works; a non-profit credit system especially designed for farmers; agriculture technical centers assisting farmers throughout the country; establishment of farm cooperatives on a voluntary basis so as to increase farmers' bargaining power; price-support policy as in neighbouring countries in order to ensure decent selling prices for farmers; the creation of a good communication network (especially roads) to reduce cost and time for transport of farm products to markets.
(ចុះផ្សាយនៅលើទំព័រ FACEBOOK របស់ខ្ញុំ ថ្ងៃ ១៨ សីហា ឆ្នាំ ២០១៧)