ហ៊ុន សែន មិនអាចឲ្យកូនគាត់ ឡើងមកកាន់តំណែងជំនួសគាត់បានទេ / Impossible succession 

ចែករំលែក ៖​

០៣ ធ្នូ ២០២១ / 03 December 2021 

ហ៊ុន សែន មិនអាចឲ្យកូនគាត់ ឡើងមកកាន់តំណែងជំនួសគាត់បានទេ

បើលោក ហ៊ុន សែន ជឿជាក់ថាកូនគាត់មានសមត្ថភាព ឡើងមកកាន់តំណែងជំនួសគាត់មែន តើហេតុអ្វីបានជាគាត់មិនហ៊ានចុះចេញ ឲ្យកូនគាត់ឡើងមកកាន់តំណែង ពេលនេះភ្លាមតែម្តងទៅ? 

តាមការពិត លោក ហ៊ុន សែន កំពុងតែព្រួយបារម្ភ ហើយមានការភ័យខ្លាចយ៉ាងខ្លាំងថា ការរៀបចំបន្តវេនបែបនេះ មិនអាចទៅរួចទេ។ បើវាអាចធ្វើទៅបាន លោក ហ៊ុន សែន ច្បាស់ជាធ្វើរួចទៅហើយ។ គាត់បានប្រកាសថា គាត់ចង់ផ្ទេរអំណាចឲ្យទៅកូនគាត់ ជាង ១០ ឆ្នាំមកហើយ តែគាត់ជួបឧបសគ្គកាន់តែច្រើនឡើងៗ។ 

១- ក្នុងជួរគណបក្សប្រជាជនកម្ពុជា ក្រៅពីត្រកូល ហ៊ុន គ្មាននរណាចង់ឲ្យមានការបន្តវេនក្នុងគ្រួសារតែមួយ ដូចលោក ហ៊ុន សែន ចង់បាននោះទេ។

២- លោក ហ៊ុន សែន យល់ច្បាស់ថា ដើម្បីឲ្យមានការផ្ទេរតំណែងដោយរលូន ត្រូវតែធ្វើឲ្យបរិយាកាសនយោបាយ មានការធូរស្រាលខ្លះ។ តែបើគាត់បន្ធូរការគាបសង្កត់របស់គាត់តែបន្តិច គាត់នឹងប្រឈមបាត់បង់អំណាចទាំងស្រុងតែម្តង ពីព្រោះប្រជារាស្ត្រខ្មែរភាគច្រើនលើសលប់ មានការឈឺចាប់ខ្លាំងណាស់ ពីរបប ហ៊ុន សែន សព្វថ្ងៃ ហើយរង់ចាំតែឱកាស ដើម្បីរើបម្រះ។

៣- លោក ហ៊ុន សែន ជាមនុស្សសង្គ្រាម ហើយគាត់ត្រូវការសង្គ្រាម ដើម្បីរក្សាអំណាចគាត់។ ដរាបណាគាត់ធ្វើសង្គ្រាមប្រឆាំងប្រជារាស្ត្រខ្លួនឯងដូចសព្វថ្ងៃ គាត់មិនអាចផ្ទេរអំណាចឲ្យកូនគាត់បានទេ។ 

៤- ដើម្បីបង្វែរដាន ហើយចៀសវាងកុំឲ្យមានការពុះកញ្ជ្រោលខ្លាំងពេក ពេលគាត់ចុះចេញពីតំណែងភ្លាម លោក ហ៊ុន សែន បានលើកឡើងពីលទ្ធភាព ឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ឡើងមកធ្វើនាយករដ្ឋមន្ត្រីជំនួសគាត់ មួយរយៈពេលសិន មុននឹងឲ្យកូនបង្កើតរបស់គាត់ ឡើងមកកាន់តំណែងជំនួសលោក អូន ព័ន្ធមុនីរ័ត្ន។ តែមានការបែកធ្លាយព័ត៌មាន មិនអាចប្រកែកបានថា លោក អូន ព័ន្ធមុនីរ័ត្ន បានទៅទិញសញ្ជាតិសាយប្រឹស (Cyprus) ដើម្បីត្រៀមវេចបង្វិច ទៅរស់នៅឯបរទេស។ អកុសលសម្រាប់គាត់ លោក ហ៊ុន សែន ទើបតែជម្រុញឲ្យមានច្បាប់ថ្មីមួយ ដែលហាមឃាត់អ្នកមានសញ្ជាតិពីរ មិនឲ្យកាន់តំណែងជានាយករដ្ឋមន្ត្រី។ ច្បាប់នេះ សំដៅទៅលោក សម រង្ស៊ី ទេ តែវាទៅបំផ្លាញផែនការរបស់លោក ហ៊ុន សែន ទៅវិញ។ នេះហើយដែលគេហៅថា កាំបិតចិតដងឯង។ 

៥- ពេលវេលាជាកត្តាមួយដ៏សំខាន់។ លោក ហ៊ុន សែន អាយុកាន់តែច្រើនឡើង ហើយគាត់មិនអាចគេចផុតពីច្បាប់ធម្មជាតិបានទេ។ អាយុគាត់ចូលដល់ ៧០ ឆ្នាំហើយ ឆ្នាំនេះ ហើយបើគាត់ចាំកាន់តែយូរ ហានិភ័យ នៃការជ្រួលច្របល់កាន់តែខ្លាំងឡើង នៅពេលដែលលោក ហ៊ុន សែន មិនអាចដឹកនាំប្រទេសបានតទៅទៀត។

ជាសន្និដ្ឋាន លោក ហ៊ុន សែន ចង់ឲ្យកូនគាត់ឡើងមកកាន់តំណែងជំនួសគាត់ ពីព្រោះគាត់ត្រូវការឲ្យកូនគាត់ធានានិទណ្ឌភាពសម្រាប់គាត់ ពេលណាគាត់នឹងបាត់បង់អំណាច។ បើមិនយ៉ាងដូច្នេះទេ គាត់នឹងប្រឈមមុខតុលាការឯករាជ្យណាមួយ ដែលនឹងយកគាត់ទៅកាត់ទោស ពីបទឧក្រិដ្ឋយ៉ាងច្រើន ដែលគាត់បានប្រព្រឹត្ត ក្នុងរយៈពេលដែលគាត់បានកាន់អំណាច ៣៦ ឆ្នាំមកហើយ មកដល់ថ្ងៃនេះ។ 

ទោះជាយ៉ាងណាក៏ដោយ គម្រោងលោក ហ៊ុន សែន នេះ នឹងទទួលបរាជ័យ ពីព្រោះប្រទេសកម្ពុជា មិនមែនជាកម្មសិទ្ធិដាច់ថ្លៃ របស់ត្រកូល ហ៊ុន ទេ។ គ្មាននរណាអាចរំលងឆន្ទៈប្រជារាស្ត្រខ្មែរ ដែលជាម្ចាស់ទឹកម្ចាស់ដីតែមួយគត់។ អ្វីៗទាំងអស់ ត្រូវតែមានការយល់ព្រមពីប្រជារាស្ត្រ តាមរយៈការបោះឆ្នោតពិតប្រាកដ ក្រោមរបបប្រជាធិបតេយ្យពិតប្រាកដ។ បើមិនយ៉ាងដូច្នេះទេ មានតែធ្វើតាមគម្រូប្រទេសកូរ៉េខាងជើង ដែលមានការផ្ទេរតំណែងពីជីតា រហូតដល់ចៅ។ តែសម័យនេះ គ្មានប្រទេសណាអាចធ្វើដូចប្រទេសកូរ៉េខាងជើងបានទេ។

សូមអានអត្ថបទលោក សម រង្សុី ជាភាសាអង់គ្លេស

Please read Sam Rainsy's article: "Impossible Family Succession for Dictators from Egypt to Cambodia"

https://thekootneeti.in/.../impossible-family-succession.../

May be an image of 2 people and text

ព័ត៌មានថ្មីបំផុត
វិបត្តិនៅបារាំង អំណាចតពូជនៅកម្ពុជា៖ តើដំណើរទស្សនកិច្ចរបស់លោក អេម៉ានុយអែល ម៉ាក្រុង ពិតជាចាំបាច់ឬ? / Crise en France, pouvoir dynastique au Cambodge : le voyage d’Emmanuel Macron s’impose-t-il ?
សូមសម្តែងជាថ្មីនូវកតញ្ញុតាធម៌ ចំពោះព្រះអង្គ ដែលជាព្រះបិតាឯករាជ្យជាតិ (១៩៥៣) និងជាអ្នកសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា (១៩៩១)
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
Flag Counter