០៦ ធ្នូ ២០២១ / 06 December 2021 - Historical lesson for Hun Sen
មេរៀនប្រវត្តិសាស្ត្រ សម្រាប់លោក ហ៊ុន សែន
មុននឹងចង់ផ្ទេរតំណែងឲ្យទៅកូនគាត់ លោក ហ៊ុន សែន គួរតែរៀនសូត្រពីប្រវត្តិសាស្ត្រ នៃប្រទេសអេហ្ស៊ីប (Egypt) ថ្មីៗនេះ។
កាលពីឆ្នាំ ២០១១ ប្រធានាធិបតីអេហ្ស៊ីប (Egypt) ឈ្មោះ អូស្នី មូបារ៉ាក់ (Hosni Mubarak) ដែលជាជនផ្តាច់ការ ហើយដែលមានវ័យកាន់តែចំណាស់ រៀបចំផ្ទេរអំណាចឲ្យទៅកូនប្រុសគាត់ម្នាក់ ឲ្យធ្វើជាមេដឹកនាំប្រទេសជំនួសគាត់។ តែគម្រោងរបស់លោក អូស្នី មូបារ៉ាក់ នេះ ធ្វើឲ្យមេទ័ពមួយចំនួនមិនសប្បាយចិត្ត ពីព្រោះមេទ័ពទាំងនោះ ដែលមានវ័យចំណាស់គួរសមដែរ មានជំនាញខ្ពស់ និងមានបទពិសោធន៍យូរអង្វែង ត្រូវបានលោក អូស្នី មូបារ៉ាក់ គំរាមយកកូនបង្កើតរបស់គាត់ មកដាក់បន្តុបពីលើ ហើយត្រួតត្រាពីលើ ឧត្តមសេនីយ៍យោធាធំៗទាំងនោះ។
លោក អូស្នី មូបារ៉ាក់ តែងតែរំពឹងលើកងកម្លាំងប្រដាប់អាវុធ ដើម្បីការពារអំណាចរាប់សិបឆ្នាំរបស់គាត់ ពីព្រោះគាត់ដឹងថាប្រជាពលរដ្ឋភាគច្រើនលើសលប់ ស្អប់គាត់ជាជនផ្តាច់ការ ហើយចង់ឲ្យមានការផ្លាស់ប្តូរ តាមបែបបទប្រជាធិបតេយ្យ។ ប្រជាពលរដ្ឋពេលនោះ តែងតែធ្វើបាតុកម្មយ៉ាងញឹកញាប់ ដើម្បីប្រឆាំងរបបផ្តាច់ការលោក អូស្នី មូបារ៉ាក់ ដែលតែងតែប្រើឧត្តមសេនីយ៍យោធាធំៗ ទៅបង្ក្រាបប្រជាពលរដ្ឋ ដែលប្រឆាំងគាត់។
ដើម្បីសម្តែងការមិនពេញចិត្ត ចំពោះលោក អូស្នី មូបារ៉ាក់ ដែលចង់ដាក់កូនគាត់ជំនួសខ្លួន ពួកឧត្តមសេនីយ៍យោធាធំៗ ដែលធ្លាប់តែគាំទ្រ និងការពារលោក អូស្នី មូបារ៉ាក់ បែរទៅជាធ្វើសេចក្តីប្រកាសថា តួនាទីកងទ័ព មិនត្រូវអន្តរាគមន៍ ទៅបង្ក្រាបប្រជាពលរដ្ឋទៀតទេ។ ក្រោយពីសេចក្តីប្រកាសបែបនេះ ស្រាប់តែប្រជាពលរដ្ឋងើបឈរព្រមគ្នា ធ្វើបាតុកម្មគគ្រឹកគគ្រេងទូទាំងប្រទេស ប្រឆាំងលោក អូស្នី មូបារ៉ាក់ ពីព្រោះពួកគេយល់ថាកងកម្លាំងប្រដាប់អាវុធ ប្រកាន់ជំហរអព្យាក្រិត ចាប់ពីពេលនេះទៅ ហើយឈប់បាញ់ប្រហារមកលើប្រជាពលរដ្ឋទៀតហើយ។ បាតុកម្មប្រជាពលរដ្ឋជាប្រវត្តិសាស្ត្រពេលនោះ បានធ្វើឲ្យរបបផ្តាច់ការលោក អូស្នី មូបារ៉ាក់ ដួលរលំ។ ពេលនេះ លោក អូស្នី មូបារ៉ាក់ បានទទួលមរណភាពហើយ ហើយកូនគាត់មិនបានឡើងកាន់តំណែងជំនួសគាត់ទេ។
សូមអានអត្ថបទលោក សម រង្ស៊ី ជាភាសាអង់គ្លេស ចុះផ្សាយក្នុងសារព័ត៌មានប្រទេសឥណ្ឌា The Kootneeti។
https://thekootneeti.in/.../impossible-family-succession.../
