១០ ធ្នូ ២០២១ / 10 December 2021
រដ្ឋប្រហាររដ្ឋធម្មនុញ្ញ ដែលលោក ហ៊ុន សែន បានធ្វើក្នុងឆ្នាំ ២០១៧ នៅប្រទេសកម្ពុជា បានសម្លាប់លទ្ធិប្រជាធិបតេយ្យ ដូចរដ្ឋប្រហារយោធា ដែលពួកជនផ្តាច់ការបានធ្វើនៅប្រទេសភូមា ក្នុងឆ្នាំ ២០២១ នេះ អញ្ចឹងដែរ។ ទាំងនៅប្រទេសកម្ពុជា និងនៅប្រទេសភូមា គេបានកម្ចាត់គណបក្សប្រឆាំងពិតប្រាកដតែមួយគត់។ លោក ហ៊ុន សែន បាននាំមុខរបបយោធា នៅប្រទេសភូមា ដែលកំពុងរៀបចំការបោះឆ្នោតមួយ ដែលមិនមានការចូលរួមពីគណបក្សប្រឆាំងដ៏ធំ និងពិតប្រាកដតែមួយគត់។ ការបោះឆ្នោត នៅប្រទេសភូមាខាងមុខនេះ មិនខុសអ្វីពីការបោះឆ្នោត នៅប្រទេសកម្ពុជា កាលពីឆ្នាំ ២០១៨ ទេ ដែលជាការបោះឆ្នោតលេងសើច គ្រាន់តែជាឆាកល្ខោន ដើម្បីបំភ័ន្តមតិអន្តរជាតិ។
ម្យ៉ាងវិញទៀត លោក ហ៊ុន សែន កំពុងតែប្រព្រឹត្តអំពើខុសឆ្គងមួយទៀត គឺគាត់យកឈ្មោះសមាគមអាស៊ាន ដែលប្រទេសកម្ពុជា ធ្វើជាប្រធាន ក្នុងឆ្នាំ ២០២២ ទៅប្រើប្រាស់ ដើម្បីសហការ និងឃុបឃិត ជាមួយរបបផ្តាច់ការ នៅប្រទេសភូមា។ ទង្វើខុសឆ្គងរបស់លោក ហ៊ុន សែន នេះ ដែលនាំឲ្យរបបផ្តាច់ការមួយ ទៅគាំទ្ររបបផ្តាច់ការមួយទៀត វាកំពុងធ្វើឲ្យសមាគមអាស៊ានប្រេះឆា ពីព្រោះសមាជិកសមាគមអាស៊ានមួយចំនួន ដូចជាប្រទេសឥណ្ឌូនេស៊ី ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន និងប្រទេសសឹង្ហបុរី គេចង់ឲ្យប្រទេសភូមា វិលត្រឡប់មករកមាគាប្រជាធិបតេយ្យវិញ ដោយមានការចរចាជាមួយលោកស្រី អ៊ុង សានស៊ូជី ដែលជាមេបក្សប្រឆាំងតែមួយគត់ នៅប្រទេសភូមា។ គេមិនព្រមឲ្យលោក ហ៊ុន សែន យកឈ្មោះសមាគមអាស៊ាន ទៅឃុបឃិតជាមួយរបបយោធានិយម នៅប្រទេសភូមាឡើយ។
Hun Sen’s 2017 constitutional coup has the same results on democracy as Myanmar’s military coup in 2021. There is no real opposition in Cambodia. Hun Sen is ahead of Myanmar’s military junta, which is now trying to follow the same path he laid down.