២៥ ធ្នូ ២០២១ / 25 December 2021 - A feudalistic, undemocratic and dirty succession plan -- from Hun Sen to Hun Manet -- that is doomed to fail.

នៅថ្ងៃ ២៤ ធ្នូ ២០២១ ម្សិលមិញនេះ ភាគច្រើន នៃសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា មិនបានបោះឆ្នោត តាមសំណើ លោក ហ៊ុន សែន ដោយចិត្តឯងទេ ពីព្រោះពួកគេរងការគាបសង្កត់ ដោយសារត្រូវបានគេបង្ខំឲ្យបោះឆ្នោតដោយលើកដៃ។ បើមានការបោះឆ្នោតដោយសម្ងាត់ ពួកគេច្បាស់ជាមិនបោះឆ្នោតឲ្យលោក ហ៊ុន ម៉ាណែត មកបន្តវេនជំនួសលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទេ នាពេលអនាគតដ៏ខ្លីខាងមុខនេះ។
លោក ហ៊ុន សែន មិនត្រឹមតែសំឡុតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទេ ដែលជាគណបក្សប្រឆាំង សូម្បីតែអ្នកគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ក៏គាត់សំឡុតដែរ។
ដើម្បីតែងតាំងកូនគាត់ឲ្យឡើងមកកាន់តំណែងជំនួសគាត់ លោក ហ៊ុន សែន ប្រើល្បិចទុច្ចរិត ជាពីរដំណាក់កាល ៖
១- សំឡុតថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ឲ្យទទួលយកកូនគាត់ ជាបេក្ខជននាយករដ្ឋមន្ត្រី នៅថ្ងៃមុខ។
២- សំឡុតអ្នកបោះឆ្នោតទូទាំងប្រទេស និងលួចបន្លំសន្លឹកឆ្នោត តាមរយៈ គ.ជ.ប. ដែលគ្រប់គ្រងដោយគណបក្សកាន់អំណាច ដើម្បីធានាជ័យជំនះគណបក្សប្រជាជនកម្ពុជា នៅឆ្នាំ ២០២៣។
ផែនការដ៏ស្មោគគ្រោករបស់លោក ហ៊ុន សែន ជាពីរដំណាក់កាលនេះ មានបំណងធានាថាលោក ហ៊ុន ម៉ាណែត នឹងក្លាយទៅជានាយករដ្ឋមន្ត្រី បន្ទាប់ពីលោក ហ៊ុន សែន លាលែងពីតំណែង ក្រោយពីការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០២៣។
បំណងលោក ហ៊ុន សែន គឺចង់ឲ្យកូនគាត់បន្តសង្គ្រាម ដែលគាត់បានធ្វើ និងកំពុងតែធ្វើ ប្រឆាំងប្រជារាស្ត្រខ្មែរ។ ក្នុងសង្គ្រាម ដើម្បីរក្សាអំណាចគាត់នេះ លោក ហ៊ុន សែន ត្រូវតែកម្ចាត់អ្នកស្នេហាជាតិ អ្នកស្រលាញ់សេរីភាព និងស្រលាញ់យុត្តិធម៌ ដែលមានចំនួនកាន់តែច្រើនឡើងៗ ក្នុងចំណោមប្រជារាស្ត្រខ្មែរទាំងមូល ហើយគាត់ត្រូវតែកម្ចាត់អ្នកប្រជាធិបតេយ្យទាំងនោះ តាមគ្រប់រូបភាពទាំងអស់។
ប្រជារាស្ត្រខ្មែរទាំងមូល ត្រូវតែរួបរួមគ្នា ដើម្បីកម្ចាត់ត្រកូល ហ៊ុន (ទាំង ហ៊ុន សែន ទាំង ហ៊ុន ម៉ាណែត) ចេញពីឆាកនយោបាយប្រទេសកម្ពុជា ដើម្បីទទួលបានសន្តិភាពពិតប្រាកដ គឺសន្តិភាពទាំងផ្លូវកាយ ទាំងផ្លូវចិត្ត។ មានតែសន្តិភាពពិតប្រាកដ ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត នេះទេ ដែលអាចធានាឲ្យពលរដ្ឋម្នាក់ៗ រួចផុតពីការសំឡុត ការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញគ្រប់បែបយ៉ាង និងធានាថាសង្គមជាតិយើង នឺងមានសេរីភាព មានយុត្តិធម៌ មានភាពស្អាតស្អំ មិនត្រកូលនិយម និងមិនបក្ខពួកនិយម ដូចសព្វថ្ងៃ។
សូមបងប្អូនជនរួមជាតិ ស្តាប់បទសម្ភាសន៍លោក សម រង្ស៊ី ជាមួយវិទ្យុអាស៊ី សេរី (RFA) នៅល្ងាចថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២១ នេះ ៖