២២ មករា ២០២២ / 22 January 2022
បើតាមខ្ញុំយល់ តុលាការបារាំង មិនទាន់អាចចេញដីកា ឲ្យចាប់ខ្លួនលោក ហ៊ុន សែន បាននៅឡើយទេ នៅពេលនេះ ពីព្រោះគាត់មានអភ័យឯកសិទ្ធិការទូត (immunité diplomatique) ដោយសារតែគាត់មានតំណែងជានាយករដ្ឋមន្ត្រី។ តាមច្បាប់អន្តរជាតិ តុលាការមិនអាចបញ្ជាឲ្យចាប់បុគ្គលណា ដែលមានតំណែងជាប្រមុខរដ្ឋ ឬ ប្រមុខរដ្ឋាភិបាល បានទេ ដោយសារតែអភ័យឯកសិទ្ធិការទូតនេះ។ បើតាមតែខ្ញុំយល់ផងដែរ តុលាការបារាំង នឹងចេញដីកាឲ្យចាប់ខ្លួនលោក ហ៊ុន សែននៅពេលណាគាត់បាត់បង់តំណែងជានាយករដ្ឋមន្ត្រី។ នរណាក៏ដឹងច្បាស់ដែរថា លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ មិនហ៊ាន និងមិនអាចផ្តួចផ្តើមគំនិត រៀបចំ និងអនុវត្ត ការវាយប្រហារដោយគ្រាប់បែក នៅថ្ងៃ៣០ មីនា ១៩៩៧ នោះទេ បើមិនបានទទួលបញ្ជាពីលោក ហ៊ុន សែន ផ្ទាល់។ ដូច្នេះ លោក ហ៊ុន សែន ជាអ្នកទទួលខុសត្រូវធំជាងគេ ក្នុងការវាយប្រហារដោយគ្រាប់បែក តាមរបៀបភេរវកម្ម នៅថ្ងៃ៣០ មីនា ១៩៩៧ នោះ។
លោក ហ៊ីង ប៊ុនហៀង បានបញ្ជាក់ជាសាធារណៈរួចហើយថា គាត់ធ្វើអ្វីៗគឺតាមបញ្ជាលោក ហ៊ុន សែន ទាំងអស់។ លោក ហ៊ីង ប៊ុនហៀង បានថ្លែងបែបនេះ នៅពេលដែលសហរដ្ឋអាមេរិក បានដាក់រូបគាត់ ក្នុងបញ្ជីខ្មៅ របស់សហរដ្ឋអាមេរិក កាលពីខែមិថុនា ២០១៨។
សូមស្តាប់សំឡេងលោក ហ៊ីង ប៊ុនហៀង https://youtu.be/U7od5b-rZyY
បើតាមខ្ញុំយល់ លោក ហ៊ុន សែន នឹងកម្ចាត់ លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ដើម្បីបំបាត់ដាន និងសាក្សី បើគាត់ (ហ៊ុន សែន) ចង់រួចខ្លួន ខ្លួនគាត់។ តែមិនដឹងថា នរណានឹងកម្ចាត់នរណាមុនទេ ដើម្បីឲ្យម្នាក់ៗបានរួចខ្លួន ដាច់ពីគ្នា។ ពាល សុី ពាល។
