អាថ៌កំបាំង ពីក្រោយក្រុមហ៊ុនល្បែងស៊ីសង ណាហ្គាវើលដ៍ នៅទីក្រុងភ្នំពេញ / Secrets behind the NagaWorld Casino in Phnom Penh

ចែករំលែក ៖​

២៨ កុម្ភៈ ២០២២ / 28 February 2022

- ហេតុអ្វីបានជាកូដកម្មបុគ្គលិកក្រុមហ៊ុនល្បែងស៊ីសង ណាហ្គាវើលដ៍ រកដំណោះស្រាយមិនទាន់បាន?

- ហេតុអ្វីបានជាថៅកែក្រុមហ៊ុនល្បែងស៊ីសង ណាហ្គាវើលដ៍ មិនព្រមចេញមុខ មកដោះស្រាយវិវាទការងារ ជាមួយបុគ្គលិកក្រុមហ៊ុនរាប់ពាននាក់ ដែលកំពុងធ្វើកូដកម្ម?

- ហេតុអ្វីបានជាថៅកែក្រុមហ៊ុន ណាហ្គាវើលដ៍នេះ ពួននៅពីក្រោយ ហ៊ុន សែន ហើយពឹង ហ៊ុន សែន ឲ្យបញ្ជា កងសន្តិសុខ និងតុលាការអាយ៉ង គាបសង្កត់ ធ្វើបាប បុគ្គលិក និងសហជីពទៅវិញ?

____________

អាថ៌កំបាំង ពីក្រោយក្រុមហ៊ុនល្បែងស៊ីសង ណាហ្គាវើលដ៍ នៅទីក្រុងភ្នំពេញ

Secrets behind the NagaWorld Casino in Phnom Penh

មូលហេតុដែលធ្វើឲ្យកូដកម្ម បុគ្គលិកក្រុមហ៊ុនល្បែងស៊ីសង NagaWorld នៅតែអូសបន្លាយ ដោយរកដំណោះស្រាយមិនបាន ហើយដោយមានការបង្ក្រាបកាន់តែខ្លាំង មកលើបុគ្គលិកក្រុមហ៊ុន មានដូចតទៅ ៖

១- ថៅកែក្រុមហ៊ុន ដែលមានលោក ជិន លីបកុង (Chen Lip Keong) ជាម្ចាស់ មិនព្រម ហើយមិនហ៊ាន ចេញមុខដោះស្រាយវិវាទជាមួយបុគ្គលិកក្រុមហ៊ុន និងសហជីពឡើយ។ តាមធម្មតា ថ្នាក់ដឹកនាំក្រុមហ៊ុន ត្រូវតែចេញមុខដោះស្រាយវិវាទជាមួយបុគ្គលិក របស់ក្រុមហ៊ុន។

២- លោក ជិន លីបកុង ដែលមានអាថ៌កំបាំងជាច្រើន ក្នុងការរកស៊ីខុសច្បាប់របស់គាត់ (ជាពិសេស សកម្មភាពលាងលុយកខ្វក់ ដែលបានមកពីអំពើពុករលួយ និងសកម្មភាពឧក្រិដ្ឋផ្សេងទៀត) រំពឹងលើលោក ហ៊ុន សែន ទាំងស្រុង ដើម្បីប្រើរដ្ឋអំណាច ដោះស្រាយវិវាទជាមួយបុគ្គលិកក្រុមហ៊ុន និងសហជីព ដោយប្រើតែការគំរាមកំហែង និងការចាប់ដាក់គុក។

៣- លោក ជិន លីបកុង ជាសសរស្តម្ភហិរញ្ញវត្ថុ របស់ក្រុមគ្រួសារលោក ហ៊ុន សែន។ មានភស្តុតាងជាច្រើន ដែលបង្ហាញថា លោក ជិន លីបកុង បានផ្តល់ថវិការាប់លានដុល្លារជាប្រចាំ ឲ្យទៅក្រុមគ្រួសារលោក ហ៊ុន សែន។

៤- លោក ជិន លីបកុង មិនមែនផ្តល់ថវិកា ឲ្យទៅគណបក្សប្រជាជនកម្ពុជា ជាទូទៅទេ តែផ្តល់ឲ្យក្រុមគ្រួសារលោក ហ៊ុន សែន តែប៉ុណ្ណោះ។ អញ្ចឹងហើយ បានជាលោក ហ៊ុន សែន ធ្វើអ្វីៗតាមសំណើលោក ជិន លីបកុង ទាំងអស់។

៥- តាមសំណើលោក ជិន លីបកុង លោក ហ៊ុន សែន បានបញ្ជាឲ្យពន្យារពេលការអនុម័តច្បាប់ប្រមូលពន្ធ ពីក្រុមហ៊ុនល្បែងស៊ីសង (កាស៊ីណូ / Casino)។ តាមធម្មតា បនល្បែងស៊ីសង NagaWorld នេះ ត្រូវបង់ពន្ធជូនរដ្ឋ រាប់រយលានដុល្លារ ក្នុងមួយឆ្នាំ តែប្រាក់ដែលសន្សំបានពីការមិនបង់ពន្ធជូនរដ្ឋនេះ លោក ជិន លីបកុង ផ្តល់មួយផ្នែកធំ ឲ្យទៅក្រុមគ្រួសារលោក ហ៊ុន សែន ទៅវិញ ទន្ទឹមនឹងការផ្តល់ជាភាគហ៊ុន ឲ្យទៅក្រុមគ្រួសារលោក ហ៊ុន សែន។ អ្នកដែលទទួលកម្រៃជាភាគហ៊ុននោះ មានលោកស្រី ប៊ុន រ៉ានី និង ហ៊ុន ម៉ាណា ជាដើម។

៦- លោក ហ៊ុន សែន បានផ្តល់សិទ្ធិផ្តាច់មុខ ជាអត្តនោម័ត ឲ្យទៅលោក ជិន លីបកុង ក្នុងការប្រកបអាជីវកម្ម បនល្បែងស៊ីសង នៅលើទឹកដីប្រទេសកម្ពុជា តាំងពីឆ្នាំ ១៩៩៥ មកម្ល៉េះ។ នេះជាអំពើពុករលួយដ៏ធំមួយ ពីសំណាក់លោក ហ៊ុន សែន។

៧- លោក ហ៊ុន សែន យកចិត្តទុកដាក់ខ្លាំងណាស់ ក្នុងការការពារសកម្មភាពបនល្បែងស៊ីសង របស់ NagaWorld។ កងសន្តិសុខ នៅក្នុងបនល្បែងស៊ីសង NagaWorld គឺសុទ្ធតែអង្គរក្សផ្ទាល់ខ្លួនរបស់លោក ហ៊ុន សែន ដើម្បីចៀសវាងកុំឲ្យអ្នកមានអំណាចខ្លះទៀត មករញ៉េរញ៉ៃ ពេលមកលេងល្បែង។

ជាសន្និដ្ឋាន គ្មាននរណា ហ៊ានប៉ះពាល់ក្រុមហ៊ុន NagaWorld ទេ ពីព្រោះលោក ហ៊ុន សែន និងក្រុមគ្រួសារគាត់ ជាខ្នងបង្អែកនៅពីក្រោយ លោកថៅកែធំ ជិន លីបកុង។

លើសពីនេះទៅទៀត អ្វីដែលប្រជាពលរដ្ឋខ្មែរត្រូវយល់ដឹង ពីបនល្បែងស៊ីសង NagaWorld នេះ គឺសកម្មភាពល្បែងស៊ីសង ដែល NagaWorld ទទួលបានសិទ្ធិផ្តាច់មុខ គឺបានបំផ្លាញសេដ្ឋកិច្ចប្រទេសកម្ពុជា ជិត ៣០ ឆ្នាំមកហើយ។ មួយឆ្នាំៗ ក្រុមហ៊ុនរបស់លោក ជិន លីបកុង បានប្រមូលប្រាក់ចំណេញរាប់រយលានដុល្លារ ចេញពីប្រទេសកម្ពុជា បូកសរុបទៅរាប់ពាន់លានដុល្លារ។ លុយទាំងនេះ គឺសុទ្ធតែជាញើសឈាមប្រជារាស្ត្រខ្មែរ ដែលមួយផ្នែកធំ បានមកពីអំពើពុករលួយ ការកាប់ព្រៃឈើ ការរឹបអូសដីធ្លី និងសកម្មភាពប្លន់ជាតិដទៃទៀត ដែលអ្នកធំជាជនពុករលួយប្រមូលបាន ហើយចាញ់ល្បែងទៅវិញ។ សូម្បីតែប្រជាពលរដ្ឋសាមញ្ញ ថ្នាក់មធ្យមយ៉ាងសន្ធឹកសន្ធាប់ ក៏បានចាញ់ល្បែងជាច្រើន ក្នុងបរិវេណក្រុមហ៊ុន NagaWorld នេះ។ តាមច្បាប់ ពលរដ្ឋខ្មែរ មិនមានសិទ្ធិចូលទៅលេងល្បែងស៊ីសង នៅកាស៊ីណូ NagaWorld ទេ តែរដ្ឋអំណាច បិទភ្នែកឲ្យអ្នកចង់លេងល្បែង ចូលតាមចិត្ត តាមសំណើលោក ជិន លីបកុង។

បើមិនមានសកម្មភាពបនល្បែងស៊ីសងនេះទេ ហើយបើប្រទេសយើងមិនបាត់បង់ប្រាក់ដ៏សន្ធឹកសន្ធាប់ ដោយសារល្បែងស៊ីសងនេះទេ សេដ្ឋកិច្ចប្រទេសកម្ពុជា មិនដឹងជារីកចម្រើនយ៉ាងណាទេ ក្នុងរយៈពេល ២០-៣០ ឆ្នាំកន្លងមកនេះ ហើយជីវភាពរស់នៅ របស់ប្រជារាស្ត្រខ្មែរ មិនធ្លាក់ចុះដុនដាបដូចសព្វថ្ងៃទេ។

នៅពេលដែលប្រជារាស្ត្រខ្មែរ កំពុងតែក្រលំបាក មានតែលោក ជិន លីបកុង និងលោក ហ៊ុន សែន ទេ ដែលសប្បាយរីករាយជាទីបំផុត ដោយមានទ្រព្យសម្បត្តិស្តុកស្តម្ភលើសលប់។ ពីរនាក់នេះ មិនអាចរស់នៅដាច់ពីគ្នាបានទេ។ បើគ្មានបនល្បែងស៊ីសងរបស់លោក ជិន លីបកុង ទេ របបលោក ហ៊ុន សែន ក៏មិនអាចនៅគង់វង្សបានទេ ពីព្រោះត្រូវបាត់បង់សសរស្តម្ភហិរញ្ញវត្ថុដ៏សំខាន់ជាទីបំផុត។

ព័ត៌មានថ្មីបំផុត
វិបត្តិនៅបារាំង អំណាចតពូជនៅកម្ពុជា៖ តើដំណើរទស្សនកិច្ចរបស់លោក អេម៉ានុយអែល ម៉ាក្រុង ពិតជាចាំបាច់ឬ? / Crise en France, pouvoir dynastique au Cambodge : le voyage d’Emmanuel Macron s’impose-t-il ?
សូមសម្តែងជាថ្មីនូវកតញ្ញុតាធម៌ ចំពោះព្រះអង្គ ដែលជាព្រះបិតាឯករាជ្យជាតិ (១៩៥៣) និងជាអ្នកសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា (១៩៩១)
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
Flag Counter