៣០ មីនា ២០២២ / 30 March 2022 - Criminals involved in 30 March 1997 grenade attack finally identified by independent tribunal.
ថ្ងៃ ៣០ មីនា នេះ គឺជាខួបទី ២៥ នៃការវាយប្រហារដោយគ្រាប់បែក នៅទីក្រុងភ្នំពេញ កាលពីថ្ងៃ ៣០ មីនា ឆ្នាំ ១៩៩៧។ ការរំលឹកខួបទី ២៥ នេះ ខុសពីការរំលឹកខួបមុនៗ ពីព្រោះជាលើកដំបូង ដែលជនឧក្រិដ្ឋក្នុងរឿងនេះ ត្រូវបានតុលាការឯករាជ្យមួយ គឺតុលាការប្រទេសបារាំង បានវែកមុខ ហើយតាមចាប់ យកទៅកាត់ទោស។
ជនឧក្រិដ្ឋ ២ នាក់ មានឈ្មោះ ហ៊ុយ ពិសិដ្ឋ និង ហ៊ីង ប៊ុនហៀង ជាមេអង្គរក្សរបស់ លោក ហ៊ុន សែន ត្រូវបានតុលាការបារាំង ចេញដីកាចាប់ខ្លួន។ តែអ្នកបញ្ជាជនឧក្រិដ្ឋទាំង ២ នាក់នេះ គឺ ហ៊ុន សែន តែម្តង ដែលជាអ្នកទទួលខុសត្រូវធំជាងគេបង្អស់ ហើយជាអ្នកដែលត្រូវទទួលទោសធ្ងន់ជាងគេបង្អស់។
ពេលដែលខ្ញុំលើកឡើងពីសោកនាដកម្ម ថ្ងៃ ៣០ មីនា នេះ មុនៗ ម្តងៗ កាលពី ២៤ ឆ្នាំមុន ខ្ញុំតែងតែ គ្រាន់តែនិយាយ ពីសេចក្តីសង្ឃឹមរបស់ខ្ញុំ ថា ថ្ងៃណាមួយ ជនឧក្រិដ្ឋនឹងត្រូវបានវែកមុខ។ ថ្ងៃគម្រប់ខួបទី ២៥ នេះ គឺជាលើកទី ១ ហើយ ដែលគេបានវែកមុខជនឧក្រិដ្ឋ យ៉ាងជាក់ស្តែង ហើយដែលយើងចាប់ផ្តើមឃើញពន្លឺយុត្តិធម៌ យ៉ាងពិតប្រាកដ។
