ភាពចាំបាច់ នៃការបង្កើនផលិតភាព ក្នុងវិស័យកសិកម្ម (agricultural productivity)

ចែករំលែក ៖​

យើងឃើញហើយថា សព្វថ្ងៃ សូម្បីតែបន្លែ និងផ្លែឈើ លក់នៅស្រុកយើង មួយផ្នែកធំនាំចូលពីប្រទេសជិតខាង។ ទម្រាំលើទីផ្សារអន្តរជាតិ ផលិតផលកសិកម្មពីស្រុកខ្មែរ រឹតតែពិបាកប្រកួតប្រជែងជាមួយបរទេស។ ហេតុនេះហើយ បានជាកសិករខ្មែររាប់លាននាក់ ធ្វើស្រែចំការ ខាតរាល់ឆ្នាំ ជំពាក់លុយគេ វ័ណ្ឌក ហើយចំណាកស្រុករាប់សែននាក់ (ចូលជាងមួយលាននាក់ហើយ) ទៅប្រទេសថៃ។ បញ្ហាទាំងអស់នេះ បណ្តាលមកពី កម្រិតទាបពេក នៃផលិតភាពកសិកម្មនៅស្រុកយើងសព្វថ្ងៃ។

ដើម្បីបង្កើនផលិតភាពកសិកម្មនៅកម្ពុជា ឲ្យទាន់ប្រទេសជិតខាង យើងត្រូវតែ ៖
១) ចែកចាយដីធ្លីឲ្យកសិករជាទូទៅ ហើយធានាឲ្យគ្រួសារនីមួយៗមានដីស្រែ ឬដីចំការគ្រប់គ្រាន់ដើម្បីចិញ្ចឹមជីវិត។ ត្រូវលុបចោល សម្បទានរយៈពេល ៩៩ឆ្នាំ ទំហំផ្ទៃដីសរុបប្រមាណ ៣ លានហិតា ដែលរដ្ឋាភិបាលសព្វថ្ងៃ បានផ្តល់ឲ្យក្រុមហ៊ុនបរទេស។
២) រៀបចំប្រព័ន្ធធារាសាស្ដ្រ ឲ្យមានបណ្តាញចែកចាយទឹក ទាំងខ្នាតធំ ទាំងខ្នាតតូច ប្រកបដោយគុណភាព និងប្រសិទ្ធភាព ដូចនៅប្រទេសជិតខាង ដើម្បីធានាឲ្យកសិករមានទឹកប្រើប្រាស់គ្រប់រដូវ ដូចនៅប្រទេសជិតខាង។ 
៣) រៀបចំប្រព័ន្ធហិរញ្ញវត្ថុពិសេសមួយ ដើម្បីផ្តល់ទុនឲ្យកសិករខ្ចី ដោយយកការប្រាក់ទាបបំផុត ហើយជួយឧបត្ថម្ភដល់កសិករ ពេលណាមានគ្រោះធម្មជាតិ។
៤) រៀបចំមជ្ឈមណ្ឌលបច្ចេកទេសកសិកម្ម ឲ្យបានច្រើន ដូចនៅប្រទេសជិតខាង ដើម្បីស្រាវជ្រាវ ពិសោធ វាយតម្លៃ និងណែនាំកសិករ ក្នុងការអនុវត្តន៍បច្ចេកទេសទំនើបបំផុត ទាក់ទងនឹងការជ្រើសរើស ពូជសត្វ និងពូជដំណាំ និងការប្រើប្រាស់គ្រឿងយន្ត សម្ភារៈផ្សេងៗ ជី និងថ្នាំផ្សេងៗ ព្រមទាំងបច្ចេកទេសដាំដំណាំនិងចិញ្ចឹមសត្វ ក្នុងគោលបំណងបង្កើន ផលិតភាពកសិកម្ម។
៥) លើកទឹកចិត្តកសិករម្នាក់ៗ ឲ្យចងក្រងជាសហគមន៍កសិកម្ម តាមតំបន់នីមួយៗ ដើម្បី ចែករំលែកបទពិសោធន៍ និងបង្កើនកម្លាំងក្នុងការចរចាតម្លៃជាមួយអ្នកផ្គត់ផ្គង់ឥវ៉ាន់ឲ្យពួកគាត់ និងអ្នកទិញកសិផលពីពួកគាត់់។ 
៦) រៀបចំទីផ្សារឲ្យកសិករ ដូចគេធ្វើនៅប្រទេសជិតខាង ដើម្បីធានារាល់ឆ្នាំ នូវតម្លៃកសិផលគ្រប់ប្រភេទ (ដូចជា ស្រូវ ពោត សណ្តែក ដំឡូង -ល-)។ រដ្ឋអំណាចត្រូវរៀបចំ យន្តការ និងថវិកាពិសេស ដើម្បីប្រមូលទិញកសិផលទាំងអស់នោះពីកសិករ ក្នុងតម្លៃមួយសមរម្យ មិនឲ្យកសិករខាតជាប្រចាំដូចសព្វថ្ងៃ។
៧) រៀបចំបណ្តាញគមនាគមន៍ (ជាពិសេសផ្លូវថ្នល់) ឲ្យបានល្អប្រសើរ ដើម្បីងាយស្រូលដឹកជញ្ជូន កសិផល ឲ្យបានឆាប់និងធូរថ្លៃ ពីកសិករទៅដល់ទីផ្សារ។

 (ចុះផ្សាយនៅលើទំព័រ Facebook  របស់ខ្ញុំ ថ្ងៃ ១៧ មករា ឆ្នាំ ២០១៦)

ព័ត៌មានថ្មីបំផុត
ឱកាសចុងក្រោយរបស់ ម៉ាក្រុង គឺស្ថិតនៅលើឆាកអន្តរជាតិ៖ សន្និសីទហ្វ្រង់កូហ្វូនី នៅកម្ពុជា / Macron’s last chances are on the international stage: Francophonie conference Cambodia
ខួបមួយឆ្នាំ នៃដំណើរការរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា នៅទីក្រុងប៉ារីស ប្រទេសបារាំង
សៀវភៅស្តីពីប្រវត្តិសាស្ត្រកម្ពុជា ដែលនិពន្ធជាភាសាបារាំងដោយ លោក ញឹក ជូឡុង ដែលបានទទួលមរណភាពទៅហើយ ទើបតែត្រូវ បានបោះពុម្ពផ្សាយ / A book on Cambodian history, written in French by the late Nhiek Tioulong, has just been published
ខួបលើកទី៣៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
បទសម្ភាសន៍ជាមួយលោក សម រង្ស៊ី ជុំវិញការចោទប្រកាន់អំពីជម្លោះព្រំដែន និងការទម្លាយអំពីបណ្តាញឆបោក / TFA Interview with Sam Rainsy regarding allegations of border disputes and revelations about scam networks.
Flag Counter